ភ្នំពេញ ៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជា អធិបតីក្នុងពិធីបើកមហោស្រពសិល្បៈ កំណាព្យ និងចម្រៀងខ្មែរជាសកលលើក ទី៤ ឆ្នាំ២០១៦ នៅសាលមហោស្រព ចេនឡា រាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
លោកស្រីក៏បានបញ្ជាក់ក្នុងឱកាសនោះថា រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុក វប្បធម៌ អរិយធម៌ខ្មែរ គឺជាដួង ព្រលឹង និងជាអត្តសញ្ញាណជាតិមានតម្លៃ មហាសាលពុំអាចកាត់ថ្លៃបាន ដែលជា គ្រឹះក្នុងការផ្សារភ្ជាប់ទំនាក់ទំនងដ៏រឹងមាំពីសង្គមមួយទៅសង្គមមួយឲ្យចេះរួបរួមគ្នាប្រកបដោយភាពសុខដុមរមនា និងជាប្រភពសក្ដានុពលមិនចេះរីងស្ងួតសម្រាប់ការអភិវឌ្ឍ និងភាពរីកចម្រើនគ្រប់វិស័យរបស់ ប្រជាជាតិខ្មែរគ្រប់សម័យកាលនិងគ្រប់ ជំនាន់ ។ ការរៀបចំសិល្បៈកំណាព្យ និងចម្រៀងខ្មែរជាសកលនាពេលនេះ គឺបានចូលរួមចំណែកអភិវឌ្ឍសង្គមយ៉ាងសំខាន់ ហើយក៏ជាការបន្តកេរមរតកដ៏មាន អត្ថប្រយោជន៍ នៅក្នុងសង្គមជាតិដែលជាកម្លាំងចលករ ដើម្បីអភិរក្ស និងលើកស្ទួយសិល្បៈវប្បធម៌ជាតិដោយបានចូលរួម ចំណែកអភិវឌ្ឍសង្គមយ៉ាងសំខាន់ រស់នៅដោយសុខដុមរនានៅក្នុងសង្គមគ្រួសារ សហគមន៍ ប្រកបដោយសន្ដិភាព ព្រោះវប្បធម៌ជាដួងព្រលឹងជាតិដែលនៅប្រទេសណា ក៏គេមានវប្បធម៌ ដើម្បីគោរពប្រតិបត្តិតាមប្រពៃណីទំនៀមទម្លាប់របស់ខ្លួនដែរ ។
នាឱកាសនោះលោកស្រីឧបនាយករដ្ឋមន្ត្រីក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន៦លានរៀលសម្រាប់ឧបត្ថម្ភក្នុងកម្មវិធី ហើយក៏ មានការចូលរួមចំណែកពីសំណាក់ឯក ឧត្តម លោកជំទាវ និងឧកញ៉ា លោក លោក ស្រី ក្នុងការឧបត្ថម្ភកម្មវិធីនាពេលនោះផងដែរ ៕ ហេង សូរិយា