ខេត្តស្វាយរៀង ៖ ក្រុមអ្នករកស៊ីលក់ ទំនិញតាមស្តង់ក្នុងកម្មវិធីខនសឺតនៅក្រុងស្វាយរៀងបាននាំគ្នារិះគន់ដល់ មន្ត្រីសាលាក្រុងស្វាយរៀងដើរយកលុយតាមស្តង់ក្នុងតម្លៃកប់ពពកដោយមួយកន្លែងដល់២០ ម៉ឺនរៀល ។
ប្រតិកម្មរបស់ក្រុមអាជីវករនេះបានកើតឡើងបន្ទាប់ពីអ្នករកស៊ីគប់ប៉េងប៉ោងដំឡើងថ្លៃម្ជុល ដោយសារមន្ត្រីយកថ្លៃពេក ។
បើតាមលោក ថនធី អ្នកលក់ម្ជុលគប់ប៉េងប៉ោងជិតរង្វង់មូលស្វាយរៀងបានប្រាប់អ្នកយកព័ត៌មានកាលពីពេលថ្មីៗកន្លងទៅថាពួកគាត់ដែលលក់ម្ជុលគប់ប៉េងប៉ោងក្នុងកម្មវិធីខនសឺតរាល់ដងតែងតែធ្វើនៅមុខសាលាក្រុងស្វាយរៀង ។ ពួកគាត់បានដាក់ តាំងរបស់របរនិងតាំងប៉េងប៉ោងតាមដងផ្លូវ ពេលនោះអាជ្ញាធរនៅសាលាក្រុងស្វាយរៀងបានមកនិយាយឲ្យពួកគាត់ទាំងអស់គ្នាត្រូវបង់លុយចំនួន២០ម៉ឺនរៀលសម្រាប់ សម្អាតអនាម័យ ។
ប្រភពខាងលើបានបន្តទៀតថាពួកគាត់បានសុំឲ្យអាជ្ញាធរក្រុងស្វាយរៀងចុះតម្លៃខ្លះប៉ុន្តែខាងមន្ត្រីមកទារលុយមិនព្រមគេ និយាយថាបើមិនបង់លុយគ្រប់ចំនួនទេ គេ មិនឲ្យលក់ទេ ហើយក្រុងនឹងរុះរើចេញភ្លាម ។
អ្នករកស៊ីលក់ដូរបានបន្តថាការរកស៊ីលក់ដូរបានតែមួយយប់បើសិនជាមានភ្លៀងពេលយប់គឺគ្មានភ្ញៀវមកទិញនោះទេ ហើយខាតទាំងចុងខាតទាំងដើមព្រោះបានបង់លុយឲ្យអាជ្ញាធរអស់ទៅហើយ ។ អាជីវករ បានឲ្យដឹងទៀតថា ពួកគាត់ឆ្ងល់ណាស់ហេតុអ្វីបានជាអាជ្ញាធរយកលុយពីពួកគាត់ក្នុងមួយកន្លែងដល់ទៅ២០ម៉ឺនរៀល បើនៅក្នុងវិក្កយបត្រហៅថាបណ្ណចំណូលស្អីគេនោះមានតែទឹកប្រាក់១០ម៉ឺនរៀល ប៉ុណ្ណោះចុះ១០ម៉ឺនរៀលទៀតយកទៅណា?អាជីវករអ្នកលក់ដូរសំណូមពរដល់មន្ត្រីសាលាក្រុងស្វាយរៀង ពិសេសលោកអភិបាលខេត្តនៅពេលមានបុណ្យឬក៏មានខនសឺតមេត្តាកុំយកលុយពីពួកគាត់ច្រើនពេក ព្រោះពួកគាត់លក់តែមួយយប់មិនសូវដាច់ប៉ុន្មានទេចំណេញតិចតួចបើមានភ្លៀងទៀតច្បាស់ជាខាតមិនខាន ។
ពាក់ព័ន្ធករណីខាងលើលោក យូ ប៊ុន្នី អភិបាលក្រុងស្វាយរៀងបានប្រាប់អ្នកសារ ព័ត៌មានតាមទូរស័ព្ទថាលោកមិនដឹងទេ សួរទៅខាងមន្ត្រីរដ្ឋបាលសាលាក្រុងទៅ ។
បើតាមមន្ត្រីសាលាក្រុងស្វាយរៀងបានឲ្យថានៅពេលមានខនសឺតមានអ្នករកស៊ីលក់ដូរបានមកសុំលក់ជាប់សាលាក្រុងដាក់គប់ប៉េងប៉ោងមានចំនួនបីតូបពួកគាត់បាន និយាយថាយកលុយប៉ុន្មានយកទៅឲ្យតែឲ្យគាត់បានលក់នៅទីនោះ ។ វិក្កយបត្រដែលសរសរដាក់១០ម៉ឺនរៀលគឺជាការ យកចំណូលរបស់រដ្ឋនៅសល់១០ម៉ឺនរៀលទៀតដែលមានបួនតូបគឺរដ្ឋបាលក្រុងទុកសម្រាប់់ដោះស្រាយឲ្យសមត្ថកិច្ចនិងសម្អាតនាម័យ ព្រមទាំងអ្នកដឹកជញ្ជូនផង ៕ យឹម សុថាន