ព័ត៌មានទាន់ហេតុការណ៍៖

លោកពូទីន ផ្តល់លិខិតឆ្លងដែនឲ្យតារា ហូលីវូដ អាមេរិក

ចែករំលែក៖

ប្រធានាធិបតីពូទីន កាលពីថ្ងៃទី២៥ ខែវិច្ឆិកា បានផ្តល់លិខិតឆ្លងដែនឲ្យទៅតារាភាពយន្ត វាយតប់ដ៏ល្បីមួយរូបរបស់អាមេរិកគឺ Steven Seagal ដោយបង្ហាញក្តីសង្ឃឹមថា នេះជាតំណាងនៃការផ្សះផ្សា ទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីតោន ។

សារព័ត៌មានរ៉យទ័រ បានផ្សាយថា នៅក្នុងពិធីរៀបចំឡើងនៅវិមាន Kremlin លោក Steven Seagal បានចុះហត្ថលេខាលើលិខិតឆ្លងដែនសញ្ជាតិរុស្សី ក្រោមអធិបតីរបស់លោកពូទីន ។

លោកពូទីន បានបញ្ជាក់ថា «ខ្ញុំសូមជូនពរ លោក Steven Seagal ដោយសង្ឃឹមថា នេះជាសកម្មភាពដ៏ល្អ បើទោះបីតិចតួច តែជាសញ្ញាក្នុងការទំនាក់ទំនងរវាងពលរដ្ឋអាមេរិក នឹងរុស្ស៊ី» ។ តារាហូលីវូដ រូបនេះ ក៏បានបញ្ជាក់ថា លោកពិតជាមានមោទនភាព យ៉ាងខ្លាំងដែលបានឈរនៅទីនេះ និងទទួលបានលិខិតឆ្លងដែនសញ្ជាតិរុស្ស៊ី ។

លោកពូទីន ជាមេដឹកនាំដែលចូលចិត្តក្បាច់គុន លោកបានចុះហត្ថលេខា ផ្តល់សិទ្ធិជាពលរដ្ឋរុស្ស៊ីឲ្យទៅតារាក្បាច់គុន ហូលីវូដ Steven Seagal ។ នៅពេលនេះ ក្រោយពេលដែល Steven Seagal ចុះហត្ថលេខាលើលិខិតឆ្លងដែននោះ បានក្លាយទៅជាពលរដ្ឋរុស្ស៊ីស្របច្បាប់ ។

លោក Steven Seagal មានលោកយាយជាអ្នកដើមកំណើតនៅភាគខាងកើតរុស្ស៊ី ហើយតែងតែទៅកាន់រុស្ស៊ីជាញឹកញាប់ប៉ុន្មានឆ្នាំចុងក្រោយនេះ ។ លោកតែងតែចង់ស្នាក់នៅបានយូរក្នុងប្រទេសរុស្ស៊ី ចំណែកខ្សែភាពយន្តរបស់លោក ក៏ទទួលបានការគាំទ្រភាគច្រើនពីពលរដ្ឋរុស្ស៊ីផងដែរ ។

រយៈពេលពីរឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងរុស្ស៊ី នឹងអាមេរិកធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីសង្គ្រាមត្រជាក់ដោយសារតែវិវាទនៅក្នុងប្រទេសអ៊ុយក្រែន និងស៊ីរី។

លោកពូទីនសង្ឃឹមថា ការដែលដូណាល់ ត្រាំឡើងកាន់អំណាច ដឹកនាំអាមេរិកនោះ ទំនាក់ទំនងទ្វេភាគី នឹងល្អប្រសើរឡើងវិញ ៕ ម៉ែវ សាធី

putin3


ចែករំលែក៖