ភ្នំពេញ ៖ បុរសម្នាក់ចេញពីលក់ផ្លែឈើនៅផ្សារនាគមាសមកដល់មុខបន្ទប់ជួល ចុះទៅចាក់សោទ្វារបងផ្ទះ ស្រាប់តែត្រូវជនសង្ស័យភ្ជង់ប្លន់យកម៉ូតូទៅបាត់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្បែរផ្ទះសំណាក់ភូមិឫស្សី ស្ថិតក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនរងគ្រោះឈ្មោះ នាង ឌឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខអ្នកលក់ផ្លែឈើ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិអំពិល ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ។
ជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GD-3453 ដែលទើបតែទិញបាន១ខែមិនទាន់បានកាតគ្រីផង ចេញពីផ្សារនាគមាសគោលបំណងទៅបន្ទប់ជួលវិញ ពេលមកដល់ផ្លូវបេតុងមុខបន្ទប់ជួល គាត់មិនបានពន្លត់ម៉ូតូទេ ហើយបានចុះពីលើម៉ូតូយកកូនសោចាក់សោទ្វាររបងដើម្បីចូលបន្ទប់ជួល ស្រាប់តែក្រុមចោរ៣នាក់ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស មិនចាំស្លាកលេខ បានលោតពីលើម៉ូតូចុះមកជិះម៉ូតូរបស់គាត់ ចំណែកម្នាក់ទៀតដកកាំភ្លើងខ្លីភ្ជង់គាត់មិនឲ្យស្រែក និងគំរាមយកកាបូបលុយ តែគាត់មិនព្រមឲ្យទេ ដោយបានបើកទ្វាររបងរត់ចូលផ្ទះ ទើបជនសង្ស័យជិះម៉ូតូចេញទៅបាត់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទូរស័ព្ទប្ដឹងសមត្ថកិច្ចឲ្យចុះអន្តរាគមន៍ តែមិនឃើញមានប៉ូលិសមកទេ ឃើញតែកងរាជអាវុធហត្ថខណ្ឌមានជ័យចុះសួរនាំទៅវិញ ៕តាឡឹម