ព័ត៌មានទាន់ហេតុការណ៍៖

អ៊ាម វន្នី បានតំណែងពីរក្នុងផលិតកម្មRich Kid

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុត តារាចម្រៀងសំនៀងថ្នម លោក អ៊ាម វន្នីបានប្រកាសជាផ្លូវការហើយថា លោកបានសម្រេចចិត្តហក់ចូលផលិតកម្មRich Kidដោយដឹកដៃតារាចម្រៀងល្បីឈ្មោះមួយចំនួនចូលរួមផងដែរ។ ក្រៅពីក្លាយជាតារាចម្រៀងពេញសិទ្ធិរបស់ផលិតកម្មនេះលោកក៏ជាប្រធានផ្នែកផលិតក្នុងផលិតកម្មមួយនេះថែមទៀតផង។

ក្រោយពីចេញទៅច្រៀងនៅក្រៅប្រទេសដោយជោគជ័យរួចមកពេលនេះ អតីតបេក្ខជនCambodian Idol លោកអ៊ាមវន្នីបានប្រកាសថាលោកចូលច្រៀងនៅក្នុងផលិតកម្មRich Kid ដែលជាផលិតកម្មថ្មីមួយជាមួយអតីតបេក្ខជន Cambodian Idol លោកមាសមុន្នីរាជនិងលោកសៅឧត្តម។ តារាចម្រៀងរូបនេះបានបដិសេធមិនទទួលយកកិច្ចសន្យាជាមួយនឹងផលិតកម្មធំៗល្បីឈ្មោះមួយចំនួន ព្រោះតែតារាចម្រៀងរូបនេះចង់បានសិទ្ធិសេរីភាពច្រើនទាំងការច្រៀង និងនិពន្ធបទចម្រៀងនោះ។

លោក អ៊ាម វន្នីបញ្ជាក់ថាលោក បានចុះកិច្ចសន្យាជាផ្លូវការហើយជាមួយផលិតកម្មខាងលើ ប៉ុន្តែលោកមិនលម្អិតអំពីកិច្ចសន្យានោះទេ។ លោកទទួលស្គាល់ថា ពិតជាបានតំណែងជាប្រធានផ្នែកផលិតបន្ថែមលើការងារជាអ្នកពនិពន្ធ និងជាតារាចម្រៀងប្រចាំផលិតកម្មនេះ។ លោកថាតួនាទីជាប្រធានផ្នែកផលិតនេះដំបូងឡើយលោកមិនហ៊ានទទួលទេព្រោះគិតថាមានបទពិសោធន៍សិល្បៈនៅស្ដួចស្ដើងពេកប៉ុន្តែដោយសារខាងថៅកែផលិតកម្មប្រាប់ថាគាត់មានទំនុកចិត្តនិងជឿជាក់ថាលោកធ្វើការនេះបានស្របពេលគ្មានអ្នកកាន់ការងារនេះផងលោកក៏ទទួលតែម្ដងទៅ។ អ្នកចម្រៀងOriginal រូបនេះលើកឡើងថាបទចម្រៀងរបស់លោក និងតារាចម្រៀងក្នុងផលិតកម្មថ្មីនេះនឹងចេញលក់ក្នុងពេលឆាប់ៗនេះជាមួយនឹងបទចម្រៀងថ្មីដែលមិនចម្លងពីគេ ហើយយ៉ាងតិចក៏នឹងមានស្នាដៃបទចម្រៀងថ្មីប្រមាណ២វ៉ុលនឹងត្រូវចេញលក់នៅលើទីផ្សារក្នុងរយៈពេលបីខែម្តង។

លោកអ៊ាម វន្នី បញ្ជាក់ដែរថា ពេលនេះស្នាដៃបទចម្រៀងមួយចំនួនកំពុងតែចាប់ផ្តើមចេញផលិតជាMV ដែលលោករំពឹងដែរថាបទចម្រៀងមួយចំនួននឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន៕ វឌ្ឍនា

zs-1 zs-2 zs-3 zs-4 zs-5 zs-6 zs-7 zs-8 zs-9 zs-10


ចែករំលែក៖