ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃអាទិត្យប្រជាពលរដ្ឋរស់នៅសង្កាត់ដង្កោសម្រុកទៅចុះឈ្មោះបោះឆ្នោតកើនឡើងជាងថ្ងៃធម្មតា ខណៈដែលថ្ងៃកំណត់សល់តែ២ថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖នៅថ្ងអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានសង្កាត់ដង្កោ នៃខណ្ឌដង្កោ បាននាំគ្នាសម្រុកទៅចុះឈ្មោះបោះឆ្នោតកើនឡើងទ្វេរដងជាងថ្ងៃធម្មតា ខណៈដែលថ្ងៃកំណត់នៅសល់តែ២ថ្ងៃប៉ុណ្ណោះ។ គួររំលឹកថា គណៈកម្មាធិការរៀបចំការបោះឆ្នោត បានអំពាវនាវឲ្យពលរដ្ឋខ្មែរទៅចុះឈ្មោះឆ្នោតចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ រយៈពេល៣ខែ។

ចៅសង្កាត់ដង្កោលោក វើក សាមឿន បានបញ្ជាក់ប្រាប់កាលពីថ្ងៃទី២៧ វិច្ឆិកាថា នេះដោយសារតែបញ្ហាទី១ បងប្អូនប្រជាពលរដ្ឋយើងខ្លះគាត់មិនបានតាមដានយកចិត្តទុកតម្លៃនៃសិទ្ធិរបស់គាត់ ហើយពេលខ្លះគាត់តែងតែគិតចាំតិចសិនៗចាំពេលទំនេរ។ តែគាត់អត់បានឆ្លៀតពេល ហើយនៅពេលដែលអង្គភាពឬអាជ្ញាធរយើងអំពាវនាវបន្ថែមទៅទើបនៅថ្ងៃជិតបិទបញ្ជីពលរដ្ឋយើងក៏បាននាំគ្នាមកចុះឈ្មោះនៅថ្ងៃអាទិត្យនេះ ចំនួនបានកើនឡើងទ្វេរដង។ ប្រជាពលរដ្ឋខ្លះគាត់នៅមិនទាន់យល់ គាត់មិនចង់ចុះឈ្មោះបោះឆ្នោតទេនេះមួយចំនួនតូចទេ ក្រៅពីនឹង៩៥ភាគរយគេនាំគ្នាមកចុះឈ្មោះអស់ហើយ។ តែមួយចំនួន ទៀតនៅឆ្ងាយទើបថ្ងៃនេះគាត់មកចុះឈ្មោះ។

លោកចៅសង្កាត់ដដែលបន្តថា ទោះបីជានៅសល់តែ២ថ្ងៃទៀតក៏ដោយក៏វាមិនទាន់ហួសពេលនៅឡើយទេ ដូចថ្ងៃអាទិត្យនេះយើងសង្កេតឃើញចំនួនពលរដ្ឋកើនឡើងច្រើនជាងថ្ងៃមុនៗ ដែលចំនួនធ្លាប់បានតែជាង២០០នាក់ក្នុង១ថ្ងៃៗតែថ្ងៃអាទិត្យនេះកើនឡើងជាង៣០០នាក់ឯណោះ។ ដោយឡែកយើងក៏បានបន្ថែមមន្ត្រី៣នាក់ថែមទៀតឲ្យជួយអង្គុយចាំចុះឈ្មោះឲ្យពលរដ្ឋយើងឲ្យលឿន កុំឲ្យពលរដ្ឋគាត់រងចាំយូរ។ លោកថា យើងបានធ្វើការផ្សព្វផ្សាយតាមរយៈវេទិកាភូមិឃុំមានសុវតិ្ថភាព រំលឹកនៅតាមតុកាហ្វេផងដែរ។ ក្នុងគោលបំណងឲ្យពលរដ្ឋយើងរួសរាន់ទៅចុះឈ្មោះបោះឆ្នោត ហើយកន្លងទៅយើងក៏បានរំកិលការិយាល័យចល័តតាមភូមិផងដែរ ដើម្បីងាយស្រួលដល់ពួកគាត់។ ចឹងទេយើងក៏បានសោកស្តាយផងដែរ ចំពោះបងប្អូនពលរដ្ឋយើងដែលមិនទាន់ទៅចុះឈ្មោះ ហើយក៏សុំអំពាវនាវបន្ថែមដល់ពលរដ្ឋយើងឲ្យប្រយ៉ាប់ប្រយ៉ាលទៅចុះឈ្មោះ ព្រោះនៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ។

ជាមួយគ្នាផងដែរ អភិបាល នៃគណៈអភិបាលខណ្ឌដង្កោលោក នុត ពុធដារ៉ា ក៏បានបញ្ជាក់បន្ថែមថា តាមធម្មតាទេប្រជាពលរដ្ឋយើងគាត់ចេះតែពន្យាពេល។ ដល់ថ្ងៃជិតបិទបញ្ជីគាត់ក៏នាំគ្នាសម្រុកមកចុះឈ្មោះ ហើយគណៈកម្មាធិការជាតិ អាជ្ញាធរខណ្ឌបានបិទប្រកាស់តាំងពី៣ខែមុនឯណ្ណោះ ហើយមិនតែពលរដ្ឋរស់នៅសង្កាត់ដង្កោទេគឺគ្រប់សង្កាត់ក្នុងខណ្ឌដង្កោ។

លោក ម៉ុក ពុទ្ធា នាយករដ្ឋបាលសាលាខណ្ឌដង្កោក៏បានឲ្យដឹងដែរថា ចំនួនប្រជាពលរដ្ឋចូលរួមចុះឈ្មោះបោះឆ្នោតបានចំនួន៩០.១៨%៕ តាឡឹម

fd-1 fd-2


ចែករំលែក៖