ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិត បានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមម្នាក់ តាមពាក្យបណ្ដឹងរបស់ក្រុមគ្រួសារជនរងគ្រោះពាក់ពន្ធ័នឹងករណីបង្ខាំងមនុស្សខុសច្បាប់។
ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍បាវិតបានអោយដឹងថា បន្ទាប់ពីបានទទួលពាក្យបណ្ដឹងឈ្មោះង្វៀង ធីវ៉ាង ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិថាន់ហា ឃុំកូយ៉ូវ ស្រុកកូយ៉ូវ ខេត្តតៃនិញបានប្ដឹងទៅលើឈ្មោះហា វាងថាយ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅមណ្ឌល២ សង្កាត់អីចឹង ស្រុកកងទុង ខេត្តយ៉ាឡាយ និងបក្ខពួកពីបទបង្ខាំងមនុស្សខុសច្បាប់ ។
ក្រោយមក ទើបសមត្ថកិច្ចនគរបាលបានចុះស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យតែម្ដង ។ រីឯជនរងគ្រោះមានឈ្មោះហ្វៀង មិនជី អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅប្រទេសវៀតណាម។
ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនជាអ្នកសីុឈ្នួលយាមមនុស្សពិតប្រាកដមែន ដោយនៅថ្ងៃឃាត់ខ្លួន រូបគេបានឈរចាំក្រុមគ្រួសារជនរងគ្រោះយកលុយមកអោយចំនួន១០០លានដុងក៏ត្រូវសមត្ថកិច្ចឃាត់តែម្ដង។
បច្ចុប្បន្នសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់ស្នងការនគរបាលខេត្តស្វាយរៀងចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន