ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូបានដឹកដៃគ្នាទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ បន្ទាប់ទាស់សំដីគ្នាជាមួយជាងកាត់ដូចគ្នា បង្កហិង្សាមានរបួសស្នាម ប្តីបែកភ្នែក ប្រពន្ធបែកមាត់ ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ភាគី២នាក់ប្តីប្រពន្ធរងរបួស មានប្តីឈ្មោះ សារុន ឆន អាយុ៣៤ឆ្នាំ មុខរបរកាត់សក់ ប្រពន្ធឈ្មោះ សុ ចិន្តា អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិសង្កាត់កើតហេតុ មានស្រុកកំណើតនៅភូមិត្រពាំងខ្នា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកភាគីម្ខាងទៀត មិនឃើញមានវត្តមានមកប៉ុស្តិ៍ប៉ូលិសឡើយ គ្រាន់តែដឹងថា ជាជាងកាត់សក់ តូបក្បែរខាងគ្នា រងរបួសស្រាល ។
តាមសម្តីភាគីខាង២នាក់ប្តីប្រពន្ធបានឲ្យដឹងថា គាត់ និងដៃគូជម្លោះបានទាស់សម្តីគ្នាជាយូរមក និងមើលមុខគ្នាមិនត្រង់ ដោយសាររបររកស៊ីដូចគ្នា ក្បែរខាងគ្នា លុះមកដល់ព្រឹកថ្ងៃកើតហេតុ មិនដឹងថា ភាគីបង្កខឹងគុំគួនដល់កម្រឹតណានោះទេ ស្រាប់តែមានគ្នា៣នាក់ ស្រែកជេរឡូឡាដាក់គ្រួសារគាត់ ទ្រាំមិនបានតបតវិញ ក៏កើតជាហិង្សា ឈានប្រើដល់កម្លាំងបាយ ដំបង វាយមកលើខ្លួន ប្រតាយប្រតប់គ្នា ទីបំផុត ភាគីប្តីប្រពន្ធ ប្តីរងរបួសបែកភ្នែក ប្រពន្ធរងរបួសបែកមាត់ រីឯភាគីម្ខាងទៀតរងរបួសស្រាល ។
ក្រោយកើតហេតុ ភាគី២នាក់ ប្តីប្រពន្ធ នាំគ្នាមកប្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ចំណែកឯភាគីជម្លោះម្ខាងទៀត រត់ទៅប្តឹងនៅអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ។ ដោយភាពចម្រូងចម្រាស់គ្នាដណ្តើមដើររកកន្លែងប្តឹង ចុងក្រោយភាគី២នាក់ប្តីប្រពន្ធ ចង់បាននូវភាពសច្ចធម៌ ក៏សុំនគរបាលប៉ុស្តិ៍ ទៅដាក់ពាក្យបណ្តឹងនៅ ទីបញ្ជាការអាវុធហត្ថខណ្ឌពោធិ៍សែនជ័យវិញ ៕ សុខាសែនជ័យ