ភ្នំពេញ ៖ អាជ្ញាធរខណ្ឌជ្រោយចង្វា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់សំណង់ដ៏ធំស្កឹមស្កៃមួយនៅក្បែរស្ថានីយបូមទឹកទន្លេមេគង្គជ្រោយចង្វាឱ្យរុះរើចេញដែលសំណង់ នោះសង់រំលោភតំបន់ទន្លេមេគង្គ ស្ថិតក្នុង ភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយ ចង្វា ។
ការចេញសេចក្តីជូនដំណឹងរបស់សាលាខណ្ឌជ្រោយចង្វានេះ មានរយពេលជាង ១ខែមកហើយគឺឆ្លើយតបនឹងសេចក្តីជូន ដំណឹងរបស់សាលារាជធានីភ្នំពេញកន្លង មកបញ្ជាឱ្យអាជ្ញាធរខណ្ឌជ្រោយចង្វាជូនដំណឹងឱ្យម្ចាស់សំណង់រុះរើសំណង់អត់ ច្បាប់ចេញ ដោយទុករយៈពេល១ខែតែមកដល់ពេលនេះជិត១ខែហើយស្ងាត់ដូចចោរលួចសេះ ។
ប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា ម្ចាស់សំណង់ដ៏ធំមួយនេះមាន ឈ្មោះ អ៊ុយ វាំងសង់ ហើយគាត់ខ្នងក្រាស់ណាស់ បើអ្នកល្មមៗមិនអាចសាងសង់សំណង់ដ៏ធំមហិមាចូលដីចំណីទន្លេដូច្នេះបានទេ ហើយឮថាបន្ទាប់ពីអាជ្ញាធរជូនដំណឹងឱ្យរុះរើចេញ ម្ចាស់សំណង់មិនរុះរើតាមការជូនដំណឹងទេតែបែរជាកំពុងរត់ការខ្វែងដៃខ្វែងជើងទៅថ្នាក់លើកុំឱ្យរុះរើទៅវិញ។
គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ គណៈកម្មការចម្រុះ ដែលដឹកនាំដោយ លោកហ៊ុយ សារុន អភិបាលរងខណ្ឌជ្រោយចង្វាបានចុះមកជូនដំណឹងដល់ទីតាំង និងធ្វើកំណត់ហេតុតម្រូវឲ្យម្ចាស់សំណង់ ដែលសង់លយចូលមាត់ទន្លេយបញ្ឈប់ការសាងសង់និងរុះរើចេញជាច្រើនដង តែម្ចាស់ សំណង់មិនបានអនុវត្តតាមនោះទេ ។
នៅក្នុងខ្លឹមសារសេចក្តីជូនដំណឹងបានសង្កត់ធ្ងន់ថា បើមិនដូច្នេះទេអាជ្ញាធរនឹងប្រើវិធានការរដ្ឋបាលរុះរើដោយកម្លាំងសមត្ថកិច្ច ហើយមិនទទួលខុសត្រូវរាល់ការខូច ខាត ឬបាត់បង់ទ្រព្យសម្បត្តិឡើយ ។
មកដល់ពេលនេះម្ចាស់សំណង់នៅតែផ្គើនទៅនឹងអាជ្ញាធរ ហើយរត់រកខ្នងបង្អែកឲ្យជួយអន្តរាគមន៍ទាំងខុសច្បាប់ មិនព្រមអនុវត្តតាមការជូនដំណឹងរបស់អាជ្ញាធរឡើយ ។
ប្រភពបន្តថា សំណង់ដ៏ធំនេះមិនមានខាងណាហ៊ានអនុញ្ញាតច្បាប់នោះទេ ព្រោះជាដីចំណីទន្លេជាប់នឹងច្រាំងទន្លេ ជាដីរដ្ឋ ដីចំណីផ្លូវ និងធ្វើឱ្យប៉ះពាល់ដល់សោភណ ភាព សុវត្ថិភាពសណ្តាប់និងសុខដុមនីយ កម្មអ្នកជិតខាង ហើយក្បែរស្ថានីយបូមទឹក ទៀតផង ។
មហាជនដែលដឹងរឿងនេះពួកគាត់ចាំមើលថាសំណង់នេះ តើអាជ្ញាធរខណ្ឌឬ អាជ្ញាធររាជធានីហា៊នប៉ះពាល់ដែរឬទេ? ព្រោះជូនដំណឹងជាង១ខែមកហើយតែស្ងាត់ ជ្រាបហើយសំណង់នៅតែបង្អួតរាងយា៉ងសង្ហាមើលទៅហាក់ដូចនៅពាក់កណ្តាលទន្លេមេគង្គអ៊ីចឹង ៕ ហេង សូរិយា