ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបើកមហាសន្និបាតសភាតំបន់អាស៊ី (APA) លើកទី៩នៅ សៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកមហាសន្និបាតសភាតំបន់អាស៊ី (APA) លើកទី៩ (The 9th Plenary Session of Asian Parliamentary Assembly) ក្រោមប្រធានបទ «ការជំរុញសន្តិភាពនិងការអភិវឌ្ឍប្រកបដោយនិរន្តភាពនៅក្នុងតំបន់អាស៊ី»។ សន្និបាតនេះនឹងបានចាប់ផ្តើមពីថ្ងៃទី២៨ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ មហាសន្និបាតនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋសភា និងព្រឹទ្ធសភានៃប្រទេសកម្ពុជា ព្រមទាំងមកពីបណ្តាប្រទេសជាសមាជិកសភាតំបន់អាស៊ីចំនួន២៣ប្រទេស និងវត្តមាននៃគណៈប្រតិភូបណ្តាប្រទេសជាអ្នកសង្កេតការណ៍ និងអង្គការដៃគូរបស់សភាតំបន់អាស៊ីជាច្រើនរយនាក់ថែមទៀត ។

សភាតំបន់អាស៊ី ហៅកាត់ថា (APA) នេះ គឺបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយបានប្តូរមកពីសមាគមសភាអាស៊ីដើម្បីសន្តិភាព ដែលហៅកាត់ថា (AAPP)។ សភាប្រទេសកម្ពុជា គឺជាសមាជិកស្ថាបនិក (AAPP) ដែលបានប្រសូត្រឡើងនៅឆ្នាំ១៩៩៩។ AAPP គឺជាស្ថាប័នដែលប្រមូលផ្តុំសំឡេងអ្នកតំណាងប្រជាពលរដ្ឋនៅក្នុងតំបន់អាស៊ីឲ្យរួបរួមគ្នាជាធ្លុងមួយក្នុងគោលដៅស្វែងរកសុខសន្តិភាព និងការផ្សះផ្សាប្រជាជាតិទំាងឡាយនៅក្នុងតំបន់អាស៊ីឲ្យក្លាយជាមហាគ្រួសារតែមួយ ទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍស្មើៗគ្នាដោយចីរភាព។ ឈរលើគោលបំណងនៃការជំរុញសុខសន្តិភាព និងសមាហរណកម្មសម្រាប់ប្រជាជាតិក្នុងតំបន់អាស៊ី APA គឺបានកំណត់ឲ្យមានជំនួបកំពូលជាមហាសន្និបាតថ្នាក់ដឹកនាំសភានៃបណ្តាប្រទេសដែលជាសមាជិក និងកិច្ចប្រជុំគណៈកម្មាធិការនានាជាទៀងទាត់ប្រចំាឆ្នំា ដើម្បីប្រមូលឆន្ទៈរួម ដំណោះស្រាយរួម យុទ្ធសាស្រ្តរួម ដាក់ជូនដល់អ្នកអនុវត្តច្បាប់របស់រដ្ឋាភិបាលនៃប្រទេសនីមួយៗនៃរដ្ឋជាសមាជិក APA ដើម្បីធានាឲ្យបាននូវសុខសន្តិភាពសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក។

នៅក្នុងពិធីបើកមហាសន្និបាតសភាតំបន់អាស៊ី APA លើកទី៩ កាលពីរសៀលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍អំពីមោទនៈភាពកម្ពុជាដែលបានធ្វើម្ចាស់ផ្ទះមហាសន្និបាត APA លើកទី៩ នៅខេត្តសៀមរាបអង្គរ។ ចំពោះប្រធានបទ «ការជំរុញសន្តិភាពនិងការអភិវឌ្ឍប្រកបដោយនីរន្តភាពនៅក្នុងតំបន់អាស៊ី» នេះគឺពិតជាមានសារសំខាន់បំផុតសំរាប់ប្រទេសក្នុងតំបន់អាស៊ីក្នុងការបំផុតស្មារតីរួមគ្នាអោយចូលរួមស្រឡាញ់ និងថែរក្សាសុខសន្តិភាព និងចូលរួមធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍ និងរីកចម្រើន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ផងដែរថា ប្រទេសទាំងអស់នៅលើពិភពលោកសុទ្ធតែត្រូវការសន្តិភាព ត្រូវការភាពរីកចម្រើន ដើម្បីប្រជាជនរស់នៅប្រកបដោយសន្តិភាព។ ប្រជាពលរដ្ឋកម្ពុជាទាំងអស់មិនត្រូវការសង្គ្រាមឡើយ។ ចំពោះសម្តេចតេជោផ្ទាល់ គឺបានយកជីវិតធ្វើដើមទុនដើម្បីបញ្ចប់សង្គ្រាម ហើយប្រឹងទាំងវេទនាបំផុតក្នុងការស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ កម្ពុជាត្រូវបានញ៉ាំញីដោយភ្លើងសង្រ្គាមចាប់តាំងពីសង្រ្គាមលោកលើកទី២ ហើយត្រូវបានបិទបញ្ចប់ទំព័រខ្មៅងងឹងនៅក្រោយថ្ងៃទី០៧ មករា ១៩៧៩។ ដូច្នេះ ប្រជាពលរដ្ឋកម្ពុជា មិនចង់ឃើញភ្លើងសង្រ្គាមទៀតទេ ហើយប្រជាជាតិដទៃក៏មិនចង់ឃើញដែរ ដូច្នេះយើងទាមទារឲ្យមានការរួមគ្នាដើម្បីទប់ស្កាត់នូវភ្លើងសង្រ្គាមនេះទោះបីនៅទីណាក៏ដោយ។

ទន្ទឹមនឹងនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាជាតិទាំងអស់លើពិភពលោករួមគ្នាទប់ស្កាត់សកម្មភាពបដិវត្តន៍ពណ៌ដែលបានធ្វើឲ្យមនុស្សរាប់លាននាក់ស្លាប់បាត់បង់ជីវិត។មិនត្រឹមតែ បាត់បង់ជីវិតមនុស្សទេ គឺបានបណ្តាលអោយកើតមានវិបត្តិជនភៀសខ្លួនយ៉ាងខ្លាំង។ សម្តេចតេជោ ក៏ បានអំពាវនាវដល់ប្រទេសអឺរ៉ុប សូមជួយទទួលយកជនភៀសខ្លួនអោយបានស្នាក់នៅសមរម្យ និងមានការងារធ្វើផង ព្រោះនេះទង្វើនៃលទ្ឋផលសង្រ្គាម។ ដើម្បីរក្សាសន្តិភាពបាន ទាល់តែកុំឲ្យមានអ្នកបំផ្លាញសន្តិភាព ដើម្បីរក្សាសន្តិភាពបាន ទាល់តែទប់ស្កាត់អ្នកបង្កសង្រ្គាម។ ការអភិវឌ្ឍ និងសន្តិភាព គឺមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ បើគ្មានសន្តិភាពហើយ ក៏មិនអាចមានការអភិវឌ្ឍបានឡើយ។

កិច្ចប្រជុំពិភាក្សារវាងសមាជិក APA ទាំង ២៣ប្រទេសគឺនឹងបន្តពិភាក្សាគ្នាអំពីប្រធានបទខាងលើចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២ ធ្នូ ២០១៦ ដើម្បីរកនូវដំណោះស្រាយសមស្របនានាដែលនាំមកនូវសន្តិភាព និងការរីកចម្រើនប្រកបដោយចីរភាពដល់ប្រជាជាតិទាំងក្នុងតំបន់ និងក្នុងពិភពលោក៕

1 2 ee 3


ចែករំលែក៖