ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ លោក Phan Van Sau អគ្គអធិការកិច្ចនៃសាធរណៈរដ្ឋសង្គមនិយមវៀតណាម

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៩ វិច្ឆិកា ២០១៦ សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតអោយលោក Phan Van Sau អគ្គអធិការកិច្ចនៃសាធរណៈរដ្ឋសង្គមនិយមវៀតណាម ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ក្នុងជំនួបនោះ លោក Phan Van Sau បានគោរពជម្រាបជួនសម្ដេចតេជោ ហ៊ុន សែន ថា លោកបានជួបពិភាក្សាការងារជាមួយលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ឋសភា និងអធិការកិច្ចកាលពីព្រឹកមិញនេះ ហើយបានទទួលលទ្ធផលជាវិជ្ជមាន។ កិច្ចពិភាក្សានោះបានផ្ដោតយកចិត្តទុកដាក់លើផ្នែកអធិការកិច្ច និងសហប្រតិបត្តិការលើផ្នែកអធិការកិច្ច ការផ្លាស់ប្តូរបទពិសោធន៍ ការចែករំលែកចំណេះដឹងលើការងារអធិការកិច្ច ព្រមទាំងចុះហត្ថលេខាលើអនុស្សារណយោគយល់គ្នាមួយ ដើម្បីជម្រុញ ពង្រឹង និងពង្រីកសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។ លើសពីនេះទៅទៀត កិច្ចពិភាក្សាការងារនេះ ក៏បានផ្ដល់ឱកាសអោយមានការសិក្សា ពីគ្នាទៅវិញទៅមកអំពីបញ្ហាអធិការកិច្ច ហើយភាគីទាំងពីរជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ នឹងមានការរីកចម្រើន ហើយការរីកចម្រើននេះ នឹងបានចូលរួមចំណែកដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរអោយបានកាន់តែស៊ីជម្រៅថែមទៀត។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលទទួលបានពីកិច្ចពិភាក្សារវាងស្ថាប័នទាំងពីរកាលពីព្រឹកមិញនេះ ហើយក៏បានមានប្រសាសន៍ថា សម្ដេចគាំទ្រអោយមានកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរបទពិសោធន៍រវាងគ្នាទៅវិញទៅមក ជាពិសេសជម្រុញការអភិវឌ្ឍន៍ធនធានមនុស្សនៅវិស័យអធិការកិច្ចនេះ ធ្វើយ៉ាងណាឆ្លើយតបទៅលើរាល់ល្បិចរបស់ជនខិលខូច។

សម្ដេចក៏បានផ្ដល់អនុសាសន៍អោយស្ថាប័នទាំងពីរ គប្បីអធិការកិច្ចទៅលើគោលនយោបាយដែលបានដាក់ចេញហើយផងដែរ។ ព្រោះជួនកាលគោលនយោបាយដែលបានដាក់ចេញទាំងនោះ មិនអាចអនុវត្តន៍បាន ហើយតម្រូវអោយមានការកែប្រែ៕

1 2


ចែករំលែក៖