ភ្នំពេញ:នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ តុលាការកំពូល នឹងបើកសវនាការជំនុំជម្រះសំណុំរឿងអតីតសមាជិកក្រុមប្រឹក្សាឃុំស្វាយរលំ ខេត្តកណ្តាល នៃគណបក្ស សម រង្ស៊ី ពីបទឃាតកម្មគិតទុកជាមុន ទៅលើថៅកែលក់ណែម។
ឯកសារតុលាការកំពូល បង្ហាញថា សវនាការនេះ ដឹកនាំដោយលោក សឹង បញ្ញាវុឌ្ឈ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក វ៉េង ប៊ុនធឿន ជាតំណាងមហាអយ្យកា។
ជនជាប់ចោទឈ្មោះ ឆែម នី ហៅប៉ក់ អាយុ៥៨ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល១៥ឆ្នាំ និងសងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន៣០លានរៀល ពីបទឃាតកម្មគិតទុកជាមុន និងប្រើប្រាស់ អាវុធខុសច្បាប់ ពាក់ព័ន្ធការបាញ់សម្លាប់ថៅកែលក់ណែមឈ្មោះ ប៊ុន លី កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១០ នៅចំណុចក្លោងទ្វាររបងវិទ្យាល័យបឹងត្របែក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ជនជាប់ចោទត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីប្រពន្ធរបស់ជនរងគ្រោះដែលប្ដឹងថា ឈ្មោះ ឆែម នី បានសម្លាប់ប្តីរបស់ខ្លួន។ ក្នុងពាក្យបណ្ដឹងបានរៀបរាប់ថា ជនរងគ្រោះ និងជនជាប់ចោទជាមិត្តភ័ក្ដិនឹងគ្នា ហើយជនជាប់ចោទតែងតែទិញណែមពីជនរងគ្រោះ ដោយពេលខ្លះពុំបានទូទាត់ប្រាក់ឲ្យនោះទេ។
ក្រោយមកជនរងគ្រោះបានពឹងពាក់ឲ្យឈ្មោះ ឆែម នី ជួយរត់ការបន្តិចបន្តួចរហូតបានសម្រេច។ ទន្ទឹមនឹងនោះ អ្នកទាំងពីរក៏បានមានជម្លោះបន្តិចបន្តួចរឿង លុយកាក់ កើតជារឿងចងគំនុំនឹងគ្នា។ រហូតមកដល់ថ្ងៃកើតហេតុ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១០ ជនរងគ្រោះត្រូវឃាតកបាញ់សម្លាប់នៅតាមដងផ្លូវ មុខសាលាបឹងត្របែក រួចគេចខ្លួនបាត់តែម្ដង តែកូនរបស់ជនរងគ្រោះបានក្រឡេកឃើញពីចំហៀង នូវឃាតកបាញ់ពីក្រោយ។ ក្រោយការស្រាវជ្រាវរួចមក ប៉ូលិសបានឃាត់ខ្លួនឈ្មោះ ឆែម នី។ ជនជាប់ចោទឈ្មោះ ឆែម នី បានធ្លាប់បដិសេធថា ខ្លួនពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ៕ ចេស្តា