ភ្នំពេញ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានបញ្ជាក់ថា គជប បានសម្រេចបន្ថែមរយៈពេល១ថ្ងៃទៀត សម្រាប់ការចុះឈ្មោះបោះឆ្នោត ពោលគឺការចុះឈ្មោះនេះ នឹងបិទបញ្ចប់នៅម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
ការប្រកាសបន្ថែមរយៈពេលនេះបានធ្វើឡើងបន្ទាប់ពី គ.ជ.ប បើកកិច្ចប្រជុំផ្ទៃក្នុងដ៏ពិសេសមួយ ដើម្បីពិភាក្សាអំពីករណីបន្ថែមពេលនេះ។
សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋខ្មែរចំនួន ៧,៧៦៤,៦៥៣នាក់ ហើយបានទៅចុះឈ្មោះបោះឆ្នោត។ បើធៀបនឹងពលរដ្ឋដែលមានសិទ្ធិចុះឈ្មោះ ៩.៦លាននាក់ គឺមានពលរដ្ឋខ្មែរប្រមាណជិត១លាននាក់ឯណោះ ដែលមិនបានទៅចុះឈ្មោះបោះឆ្នោត។
លោក ហង់ ពុទ្ធា បានបញ្ជាក់ថា ករណីនេះ ទោះជាខ្វះជិត២លាននាក់មែន ប៉ុន្តែក្នុងចំណោមជិត២លាននោះ ក៏មានពលរដ្ឋខ្មែរជាង១លាននាក់ដែរ បានទៅធ្វើការនៅប្រទេសថៃ និង មួយចំនួនទៀតនៅប្រទេសដទៃ ហើយពួកគាត់មិនបានមកចុះឈ្មោះទេ។ លោកថា គ.ជ.ប បានថ្លឹងថ្លែងយ៉ាងយកចិត្តទុកដាក់ចំពោះរឿងនេះ៕