ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានជនសង្ស័យពីរនាក់យកដំបងវាយបណ្ដាលឲ្យបែកក្បាល តែរបួសស្រាល ហើយជនសង្ស័យលើកម៉ូតូជិះទៅបាត់ ខណះយុវជនរងគ្រោះរូបនោះជិះម៉ូតូម្នាក់ឯងបំណងមកទិញថ្នាំញៀនសំរាប់ជក់ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្បែររោងចក្រឆ្នាំង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមសម្ដីយុវជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា រូបគាត់បានជិះម៉ូតូម៉ាកស្កុបពី ពណ៌ស លាយខៀវ ពាក់ស្លាកលេខភ្នំពេញ1BU.4496 តែម្នាក់ឯង ដោយមកពីផ្ទះនៅម្ដុំពោធិ៍ចិនតុង ហើយបំណងមកទិញថ្នាំញៀននៅក្បែរកន្លែងកើតហេតុ ខណៈជិះជិតដល់កន្លែងទិញ ក៏ស្រាប់តែលេចមុខជនសង្ស័យពីរនាក់បានដើរកាក់ពីមុខ ហើយយកដំបងមកវាយលើរូបគាត់បណ្ដាលឲ្យបែកក្បាល តែសំណាងល្អមិនរងរបួសធ្ងន់ ។ បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពវាយជនរងគ្រោះរួចហើយ ពួកគេក៏បានលើកយកម៉ូតូជិះគេចខ្លួនបាត់ស្រមោលតែម្ដង ។
ក្រោយពីកើតហេតុជនរងគ្រោះបានជិះម៉ូតូឌុបមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីកំណត់មុខសញ្ញា ៕ ព្រែកជ័យ