ភ្នំពេញ៖ សិល្បករ និងកីឡាករប្រដាល់រាប់រយនាក់បានជួបជុះគ្នាជាទ្រង់ទ្រាយធំលើកដំបូងក្នុងកម្មវិធីទទួលទានអាហារ សាមគ្គី និងជជែកពិភាក្សាដើម្បីរៀបចំព្រឹត្តិការណ៍សង្គមរួមគ្នា។ កម្មវិធីនេះត្រូវបានរៀបចំឡើងកាលពីរាត្រីថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០១៦នៅភោជនីយដ្ឋានវីហ្វ្រេន បឹង ត្របែក។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមក្រោមការជួយជ្រោមជ្រែងឧបត្ថម្ភពីលោកឧកញ៉ា ម៉ុង ប្ញទ្ធី និងបណ្តាក្រុម ហ៊ុនមួយចំនួនទៀត។
លោក ទិត្យ ថាវរិទ្ធ តំណាងសមាគម មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបានបញ្ជាក់ថា ព្រឹត្តិការណ៍ជួបជុំសិល្បករកីឡាករ ប្រដាល់នៅពេលនេះគឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្នានឹងគ្នា។ លោកបញ្ជាក់ថា កន្លងមកសមាគមបានធ្វើការប្រមូលផ្តុំសិល្បករសិល្បការិនីជាច្រើនដើម្បីចូលរួមព្រឹត្តិការណ៍ សង្គមដែលពួកគាត់បានចំណាយទាំងពេលវេលាថវិកាធ្វើការងារមួយចំនួនពិសេសការជួយដល់សង្គមដូចជាការផ្សព្វផ្សាយពី បញ្ហាបរិស្ថាន បញ្ហាគ្រោះថ្នាក់ចរាចរណ៍ កិច្ចការមនុស្សធម៌ជាដើម។ លោកបន្តថាកន្លងមកសមាគមធ្លាប់បានរៀបចំព្រឹត្តិការណ៍ស្រដៀងគ្នានេះជាមួយនឹងកីឡាករបាល់ទាត់ម្តងរួចមកហើយ។ លោករំពឹងទុកថា សិល្បករ និងកីឡាករទាំងអស់នឹងមាន លទ្ធភាពរួបរួមគ្នាចូលរួមសកម្មភាពសង្គមទាំងអស់គ្នាតាមលទ្ធភាព។
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាបានបង្ហាញពីចំណាប់អារម្មណ៍រំភើបរីករាយគ្រាដែលព្រឹត្តិការណ៍ជួបជុំ រវាងសិល្បករនឹងកីឡាករប្រដាល់នេះកើតឡើង។ លោកថា ព្រឹត្តិការណ៍នេះគឺជាការលើកទឹកចិត្តដល់កីឡាករក៏ដូចជាក្រុម មន្ត្រីអាជ្ញាកណ្តាលគណៈកម្មការទាំងអស់។ លោកបន្តថាវាគឺបង្ហាញពីសាមគ្គី ភាពរវាងសិល្បករនឹងកីឡាករហើយក៏ឆ្លុះបញ្ចាំងពីទឹកចិត្តស្រលាញ់រាប់អានគ្នាទៅ វិញទៅមកផងដែរ។ លោករំពឹងទុកថា ព្រឹត្តិ ការណ៍នេះនឹងបន្តបង្កើតមានជាថ្មីជាមួយនឹងសកម្មភាពរួមគ្នាជួយដល់សកម្មភាពនានារបស់សង្គម។
លោកបណ្ឌិតឧកញ៉ា ម៉ុង ប្ញទ្ធី ប្រធាន គណៈកម្មការទី៣នៃព្រឹទ្ធសភាបានមាន ប្រសាសន៍ថាកម្មវិធីជួបជុំកីឡាករប្រដាល់ដើម្បីទទួលទានអាហារសាមគ្គីនេះគឺត្រូវបានធ្វើឡើងក្រោយពីមានការស្នើសុំពី សមាគមមិត្តសិល្បករជួយសង្គម ហើយលោកក៏ចង់ជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយនឹងកីឡាករកីឡាការិនី ប្រដាល់ផងដែរ។ លោកបណ្ឌិតបញ្ជាក់ដែរថានឹងបង្កើតឲ្យមានឱកាសជួបជុំគ្នាបែបនេះម្តងទៀតនៅរយៈពេលប៉ុន្មានខែខាង មុខគឺនៅក្នុងតំបន់អភិវឌ្ឍន៍របស់លោក បណ្ឌិតនាខេត្តព្រះសីហនុ៕ វឌ្ឍនា