ភ្នំពេញ៖ នាទីក្រុងភ្នំពេញ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករអ្នករត់ម៉ូតូឌុប ចំនួន២៥នាក់ ។
សម្ដេចបានជម្រាបសួរសុខទុក្ខបងប្អូនទាំងអស់ដោយមនោសញ្ចេតនារាប់អានយ៉ាងជិតស្និទក្រៃលែង។ ព្រមជាមួយនោះ សម្ដេច ក៏បានជម្រាបសួរបងប្អូន អំពីការចុះឈ្មោះបោះឆ្នោត តើបងប្អូនទាំងអស់ដែលអញ្ជើញមកនេះបានចុះឈ្មោះគ្រប់គ្នាហើយឬនៅ? បើនៅដោយមូលហេតុអ្វី? បងប្អូនបានឲ្យដឹងថា ក្នុងចំណោមអ្នកដែលបានមកទាំងអស់នេះបានទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នារួចហើយ។ សម្ដេចបានអបអរសាទរចំពោះស្មារតីភ្ញាក់រលឹករបស់បងប្អូនក្នុងការប្រើសិទ្ធិជាប្រជាពលរដ្ឋដ៏ល្អរបស់សង្គម។
សម្ដេចសំណូមពរ ឲ្យបងប្អូនទាំងអស់ អញ្ជើញទៅពិនិត្យបញ្ជីបោះឆ្នោតដំបូង ដែលនឹងត្រូវបិទផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅតាមកន្លែងដែលបងប្អូនបានចុះឈ្មោះ (សាលាឃុំ-សង្កាត់) នៅថ្ងៃទី ០៣ ខែមករា ឆ្នាំ២០១៧ខាងមុខ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ ឈ្មោះរបស់បងប្អូនឡើងវិញ និងសំណូមពរឲ្យបងប្អូនរៀបចំខ្លួន រៀបចំពេលវេលាការងារ ដើម្បីទុក១ថ្ងៃ គឺថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ដែលយើងពេញចិត្ត អោយបន្តដឹកនាំឃុំសង្កាត់របស់យើងនីមួយៗរយៈពេល ៥ឆ្នាំទៅមុខទៀត ។ អនុវត្តការងារទាំង២ ខាងលើនេះបាន គឺមានន័យថា បងប្អូនបានអនុវត្តនូវកាត្វកិច្ចរបស់ប្រជាពលរដ្ឋ ដូចមានចែងនៅក្នុង រដ្ឋធម្មនុញ្ញហើយ៕