ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីសាលាខេត្តស្វាយរៀងចូលរួមសម្អាតអនាម័យទីក្រុងស្អាតនៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី១ខែធ្នូឆ្នាំ២០១៦ នេះលោករស់ ផារិទ្ធិ នាយករដ្ឋបាលសាលាខេត្តបានអោយដឹងថាអនុវត្តន៍ តាមការណែនាំ របស់លោកអភិបាលខេត្ត ក្នុងន័យបំផុសស្មារតីចូលរួម សម្អាតអនាម័យ បរិស្ថាន គោលបំណងធ្វើឲ្យទីក្រុង និងទីប្រជុំជនមានសោភ័ណភាពស្អាត លោក លោកស្រីនាយក នាយករងទីចាត់ការ អង្គភាព និងមន្ត្រីរាជការសាលាខេត្ត បានចូលរួមសម្អាតអនាម័យ បរិស្ថានក្នុងក្រុងស្វាយរៀង ចាប់ពីផ្លូវខាងមុខ ការិយាល័យរដ្ឋសភា ទៅដល់ខាងក្រោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ។

លោក រស់ ផារិទ្ធិ បន្តទៀតថា ការនាំគ្នាអនាម័យនៅព្រឹកនេះ ដើម្បីធ្វើឲ្យទីក្រុង និងទីប្រជុំជន កាន់តែមានសោភ័ណភាពស្រស់បំព្រង គ្មានសំរាមនៅតាមដងផ្លូវ តាមទីផ្សារ តាមទីប្រជុំជន តាមសួនច្បារ និងតាមទីសាធារណៈ ធានាសុខុមាលភាព របស់ប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ជាពិសេសដើម្បីចូលរួម អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៨ ថ្ងៃបង្កើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៦) ៕ យឹម សុថាន

fs-3 fs fs-1 fs-2


ចែករំលែក៖