ខេត្តស្វាយរៀង ៖ យុវជនជនសង្ស័យពីរនាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយអាវុធហត្ថក្រុងបាវិតឃាត់ខ្លួនសង្ស័យលួចម៉ូតូនៅភូមិបាវិតកណ្តាលសង្កាត់បាវិតក្រុងបាវិតកាលពីវេលាម៉ោង៧និង១៣នាទីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ បញ្ជូនទៅតុលាការនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦។
លោកវរៈសេនីយ៍ត្រី គង់ កាន នាយការិល័យបទល្មើសព្រហ្មទណ្ឌនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា ជនសង្ស័យដែលសកម្មភាពលួចម៉ូតូត្រូវឃាត់ខ្លួនទី១-ឈ្មោះ កាវ ហ្វឹកថាន់ ភេទប្រុស អាយុ១៦ឆ្នាំ ជាជនជាតិវៀតណាម មានទីលំនៅភូមិភឿកលូ ស្រុកតាងបាង ខេត្តតៃនិញ ប្រទេសវៀតណាម និងទី២-ឈ្មោះ ងួន សាលី ហៅចិន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
ប្រភពខាងលើបានបន្តទៀតថាកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៧និង១៣នាទីយប់ម្ចាស់ម៉ូតូដែលជាជនរងគ្រោះឈ្មោះ សុខ ថាត ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិ-សង្កាត់ខាងលើ បានជិះម៉ូតូទៅលេងផ្ទះមិត្តភក្តិនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ខណៈដែលទៅដល់បានចតម៉ូតូទុកនៅខាងមុខផ្លូវចូលផ្ទះមិត្តភក្តិ ហើយបានចូលទៅជជែកគ្នាលេងនៅក្នុងផ្ទះអស់រយៈពេលជិតមួយម៉ោងក៏ចេញមកក្រៅវិញស្រាប់តែបាត់ម៉ូតូតែម្តង។
លោកវរសេនីយ៍ត្រីបានបន្តទៀតថា ពេលបាត់ម៉ូតូជនរងគ្រោះឈ្មោះ សុខ ថាត បានសង្ស័យទៅលើឈ្មោះ ងួន សាលី ហៅចិន ជាអ្នកលួច ព្រោះបានឃើញឈ្មោះ ងួន សាលី នេះដើរចេញពីផ្ទះមិត្តភក្តិខ្លួន ស្រាប់តែបាត់ម៉ូតូតែម្តង ហើយបានតាមរកភ្លាមៗដល់មុខកាសុីណូពិភពថ្មីក៏បានជួប និងឃើញជនសង្ស័យឈ្មោះ ងួន សាលី ក៏ឃាត់សួរថា ហែងយកម៉ូតូអញ់ទៅណា? ខណៈនោះឈ្មោះ ងួន សាលី ប្រាប់ថា អាមួយទៀតទេជាអ្នកយក។ ពេលនោះជនរងគ្រោះក៏ឃើញជនសង្ស័យដែលឈ្មោះ ងួន សាលី បានបង្ហាញប្រាប់ថា ជាអ្នកលួចនោះជនរងគ្រោះក៏បានស្រែកឡើងថាចោរៗត្រូវប្រជាពលរដ្ឋនៅក្បែរនោះឃើញនាំគ្នាដេញចាប់តែគាប់ជូនមានសមត្ថកិច្ចចុះត្បាតក៏តាមចាប់ជនសង្ស័យទាំងពីរនាក់បញ្ជូនទៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិតដើម្បីសាកសួរតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបញ្ជួនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការ តាមនីតិវិធី៕ យឹម សុថាន