ប្រជាពលរដ្ឋរស់នៅក្នុងភូមិក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែមន្ត្រីបរិស្ថានម្នាក់ ជាឈ្មួញដឹកជញ្ជូនឈើខុសច្បាប់។ មួយរយៈពេលចុងក្រោយនេះមន្ត្រីបរិស្ថានមួយចំនួននៅក្នុងខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ជាដើម កំពុងជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើ។ ជាក់ស្ដែងមន្ត្រីបរិស្ថានប្រចាំស្រុកកំពង់សិលា ឈ្មោះ ឌុល បានដឹកឈើស្រាលជាប្រភេទម៉ៃតាប់យកទៅលាក់ទុកនៅចំណុចវិហារចាម ភូមិក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
ជាពលរដ្ឋបានរិះគន់ថា ការដែលមន្ត្រីបរិស្ថានជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើបែបនេះហើយ ទើបព្រៃឈើក្នុងស្រុកកំពង់សិលា ប្រឈមនឹងការកាប់បំផ្លាញឥតឈប់ឈរ ហើយជនល្មើសតែងតែគេចផុតពីចំណាត់ការតាមច្បាប់។ ដូច្នេះនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុ ក៏ដូចជាមន្ត្រីអាជ្ញាធរខេត្តព្រះសីហនុ ត្រូវពិនិត្យឡើងវិញជាបន្ទាន់ចំពោះករណីមន្ត្រីបរិស្ថានឈ្មោះ ឌុល ក្លាយជាឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ដើម្បីជាការព្រមានកុំឲ្យមន្ត្រីខិលខូចធ្វើអ្វីៗតាមអំពើចិត្ត។ ប្រសិនបើឲ្យមន្ត្រីបរិស្ថានឈ្មោះ ឌុល រួចផុតពីវិធានការច្បាប់នោះ គឺមន្ត្រីខិលខូចនៅតែបន្តកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់យ៉ាងគឃ្លើនដដែល។
ប្រជាពលរដ្ឋបានរិះគន់ថា នៅពេលពួកគាត់គ្រាន់តែចូលព្រៃកាប់អុសឬកាប់ឈើបន្តិចបន្តួចសម្រាប់ជួសជុលផ្ទះសម្បែង តែងតែត្រូវមន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើ ចាត់វិធានការបង្ក្រាបភ្លាមៗមិនឲ្យរួចខ្លួនឡើយ។ ដូច្នេះករណីមន្ត្រីបរិស្ថានស្រុកកំពង់សិលា ឈ្មោះ ឌុល ដែលបានដឹកឈើយកមកលាក់ទុកនៅចំណុចវិហារចាម ឃុំកំពង់សិលា ស្រុកកំពង់សិលា គឺជារឿងដែលសមត្ថកិច្ចពាក់ព័ន្ធមិនត្រូវមើលរំលងនោះទេ ហើយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន គួរពិនិត្យមើលទង្វើមិនប្រក្រតីរបស់មន្ត្រីក្រោមឱវាទខ្លះផង ៕