សម្ព័ទ្ធមិត្តយោធា ដឹកនាំដោយអាមេរិក បានទទួលស្គាល់ថា ធ្វើឲ្យពលរដ្ឋ៥៤នាក់ស្លាប់ នៅក្នុងហេតុការណ៍វាយប្រហារ៧លើកផ្សេងគ្នា តាមដែនអាកាសនៅស៊ីរី និងអីរ៉ាក់ ក្នុងអំឡុងពីខែមីនា ដល់ខែតុលា ។
ប្រភពព័ត៌មានពីកម្លាំងយោធាអាមេរិកបានឲ្យដឹងថា បើទោះបីការវាយប្រហារត្រូវបានគិតគូរយ៉ាងល្អិតល្អន់ ដើម្បីកាត់បន្ថយការស្លាប់ជាច្រើនដល់ពលរដ្ឋស្លូតត្រង់។ ប៉ុន្តែនៅមានករណីខ្លះ មិនអាចបញ្ចៀសមិនឲ្យពលរដ្ឋស្លូតត្រង់ស្លាប់បានឡើយ។ ក្នុងនោះ មានការវាយប្រហារតាមដែនអាកាសនៅតំបន់ Hazawneh កាលពីថ្ងៃទី ១៨ ខែកក្កដា សម្លាប់ក្រុម IS ១០០នាក់ និង ពលរដ្ឋស្លូតត្រង់២៤នាក់ស្លាប់ផងដែរ ។ ការស្លាប់ដោយតែក្រុមIS បន្លំខ្លួនជាមួយពលរដ្ឋ ទើបមានការវាយប្រហារច្រឡំបែបនេះ។
កន្លងមកថ្មីៗ កម្លាំងទាហានអាមេរិកបានទទួលស្គាល់ថា បានវាយប្រហារច្រឡំទៅលើកម្លាំងទាហានរដ្ឋាភិបាលស៊ីរីនៅតំបន់ Deir Al Zour កាលពីខែកញ្ញា កន្លងមក។ ក្រោយហេតុការណ៍ខាងលើ ប្រធានាធិបតីស៊ីរី បាសា អាល់អាសាដ បានថ្កោលទោសការវាយប្រហារទាំងនោះ ដែលបានធ្វើឲ្យទាហានស៊ីរី៦២នាក់ស្លាប់។ រដ្ឋាភិបាលស៊ីរីបានចោទប្រកាន់ថា ទាំងនោះជាការវាយប្រហារមានចេតនា មិនមានជាការច្រឡំនោះឡើយ។
នៅពេលនោះស៊ីរីបានចោទប្រកាន់ថា ជាការវាយប្រហារការពារ ក្រុម IS ដែលជាកម្លាំងសម្ងាត់របស់អាមេរិក ដើម្បីរារាំងទាហានរដ្ឋាភិបាលស៊ីរីវាយលុយសម្លាប់ក្រុមនេះ។ មិនថា នៅក្នុងប្រទេសស៊ីរីនោះឡើយ នៅប្រទេសអីរ៉ាក់កន្លងមក ក៏ដូចគ្នាដែរ អាមេរិកបានទម្លាក់ស្បៀងអាហារ និងអាវុធ ច្រឡំទៅឲ្យក្រុមIS នៅក្នុងប្រទេសនោះ។ សកម្មភាពបែបនោះក៏ត្រូវបានអីរ៉ាក់យល់ថាជាចេតនា ជួយដល់ក្រុម IS មិនមានច្រឡំឡើយ ៕ ម៉ែវ សាធី