ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបឯកអគ្គរដ្ឋទូតជប៉ុនថ្មី

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែធ្នូ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក ហៃឌីហីសា ហូរិណុជិ (Hidehisa Horinouchi) ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសជប៉ុន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងអបអរសាទរចំពោះ លោក Hidehisa Horinouchi ដែលបានតែងតាំងជា ឯកអគ្គរដ្ឋទូតថ្មីជប៉ុនប្រចាំកម្ពុជា។ នៅក្នុងជំនួបព្រឹកមិញនេះ លោក Hidehisa Horinouchi បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងច្រើននៅកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន។ ប្រទេសជប៉ុនបានចាត់ទុកកម្ពុជា ជាប្រទេសដៃគូរជាយុទ្ធសាស្ត្រដ៏សំខាន់។ លោក ឯកអគ្គរដ្ឋទូតថ្មីក៏បានសំណូមពរ សម្តេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជាបន្តសហការ គាំទ្រចំពោះបេសកកម្មការទូតរបស់លោកនៅកម្ពុជា។ លោកឯកអគ្គរាជទូតជប៉ុនថ្មី ក៏បានប្រាប់អំពីគម្រោងរៀបចំអញ្ជើញ ឯកឧត្តម ហ៊ុន ម៉ាណែត ទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុននាពេលខាងមុខនេះផងដែរ។ ទន្ទឹមនឹងនេះ លោកអគ្គរដ្ឋទូតជប៉ុន បានមានប្រសាសន៍ជម្រាប សម្តេចតេជោ ថា ប្រទេសជប៉ុនរីករាយស្វាគមន៍ នឹងទទួលរ៉ាប់រងរៀបចំទាំងអស់ចំពោះការអញ្ជើញទៅបំពេញទស្សនៈកិច្ចជាឯកជនរបស់ សម្តេចតេជោ និងក្រុមគ្រួសារនៅប្រទេសជប៉ុនក្នុងពេលឆាប់ៗខាងមុខនេះទៀតផង។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនដែលបានត្រៀមទទួល សម្តេចនិងកូនប្រុស នៅក្នុងដំណើរទស្សនកិច្ចក្រៅផ្លូវការនៅពេលខាងមុខនេះ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ នឹងជិះយន្តហោះជប៉ុនដែលបានបើកការហោះត្រង់ពីជប៉ុនមកកម្ពុជា (ANA) ជាលើកដំបូងទៀតផង។ សម្តេចតេជោ បានអរគុណ ដល់រដ្ឋាភិបាលជប៉ុនដែលបានជួយដល់កំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា រួមទាំងការចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦ និងការបោះឆ្នោតនៅពេលខាងមុខនេះ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានជំរាបជូនឯកអគ្គរដ្ឋទូតជប៉ុនថា នៅថ្ងៃទី៨ធ្នូ ២០១៦ ខាងមុខនេះ សម្តេចនឹងអញ្ជើញទៅចូលរួមប្រារព្ធខួប៥ឆ្នាំនៃ ក្រុមហ៊ុនមីនីបៀរ របស់ជប៉ុនដែលបានបណ្តាក់ទុនបង្កើតរោងចក្រផលិតម៉ូទ័រដ៏ធំមួយនៅកម្ពុជា ហើយសង្ឃឹមថានឹងបានជួប លោកអគ្គរដ្ឋទូតជប៉ុនម្តងទៀតនៅទីនោះ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអរគុណមិត្តជប៉ុនដែលបានយកចិត្តទុកដាក់ជួយដល់កម្ពុជា និងបានផ្តាំផ្ញើសួរសុខទុក្ខចំពោះ លោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ (Shinzō Abe) ផងដែរ៕

1

4
2


ចែករំលែក៖