ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៊ីយ៉ាន់ដាយ បើកបត់មិនប្រយ័ត្នជ្រុលបុកម៉ូតូហើយកិនបណ្ដាលឲ្យប្ដីប្រពន្ឋ២នាក់រងរបួសយ៉ាងធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសនិងស្ត្រីជាប្ដីប្រពន្ឋពីរនាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយរងរបួសយ៉ាងធ្ងន់ទាំងពីរនាក់ ខណៈកំពុងជិះម៉ូតូឌុបគ្នាបម្រុងទៅផ្ទះ ហើយស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយធុនធំមួយគ្រឿង បើកមកពីក្រោយ មិនប្រយ័ត្នជ្រុលមកបុកពេញទំហឹង ហើយម៉ូតូរងគ្រោះគៀបជាប់ក្រោមរថយន្តបង្កធ្វើឲ្យរថយន្តទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១២និង២០នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុច ជាប់និងរង្វង់មូលដីក្រហម (ផ្លូវជាតិលេខ២ កែងនិងផ្លូវ២១៧) ស្ថិតក្នុងក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើតាមសមត្ថកិច្ចមូលដ្ឋានដែលចុះដល់កន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះជាប្ដីមានឈ្មោះឌីម ឆេន ភេទប្រុស អាយុ៥៨ឆ្នាំ និងប្រពន្ឋមានឈ្មោះព្រឺង រ៉ែន អាយុ៥៧ឆ្នាំ អ្នកទាំងពីរមានមុខរបរជាកសិករ រស់នៅភូមិជើងកើប ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយជិះម៉ូតូម៉ាកហង់ដាឌ្រីម ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FR.0232 ។ ចំណែកអ្នកបើកបររថយន្តបង្កមានឈ្មោះយី សែ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ដោយបើករថយន្តម៉ាកហុីយ៉ាន់ដា ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3B.5576 ។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះប្ដីប្រពន្ឋពីរនាក់ បានជិះម៉ូតូឌុបគ្នា តាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីកើតទៅលិច ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ (រង្វង់មូលដីក្រហម) រូបគាត់ក៏បំរុងបត់ឆ្វេងទៅត្បូង (ផ្លូវជាតិលេខ២) តែមិនទាន់នឹងបត់ផង ក៏ស្រាប់តែរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ បើកមកពីក្រោយហើយបំរុងបត់ស្ដាំទៅជើង(ផ្លូវ២១៧) និងមិនបានប្រយ័ត្នក៏ជ្រុលបុកម៉ូតូពីក្រោយពេញទំហឹងតែម្ដង បណ្ដាលឲ្យជនរងគ្រោះរងរបួសបាក់ជើងទាំងពីរនាក់ របួសធ្ងន់។ ចំណែកឯម៉ូូតូគៀបជាប់នៅក្រោមរថយន្តបង្កធ្វើឲ្យរថយន្តមិនអាចបន្តទៅមុខបាន។

ក្រោយពីកើតហេតុភ្លាមៗ នបង្កហេតុបានបើកទ្វារបម្រុងរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចប្រចាំគោលដៅនៅទីនោះចុះអន្តរាគមន៍ឃាត់ខ្លួនបានភ្លាមៗ ។ដោយឡែកជនរងគ្រោះត្រូវបានថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ ហើយសមត្ថកិច្ចបាននាំខ្លួនជនបង្កហេតុយកមកអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។ បន្ទាប់ក្រោយមកសមត្ថកិច្ចជំនាញបានចុះវាស់វែងយករថយន្តបង្ក និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ភារ៉ា ដង្កោ

img_1034 img_1018
img_1028 img_1030


ចែករំលែក៖