ខេត្តកំពង់ធំ ៖ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោក អិុត សុធា បាន ឲ្យដឹងថា នៅល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ ចៅក្រមសាលាដំបូងខេត្តបានសម្រេច ចេញដីកាឃុំខ្លួនជនសង្ស័យ២នាក់ដាក់ ពន្ធនាគារ ដោយជាប់ពាក់ព័ន្ធនឹងការ ចូលទៅកាប់ និងអារឈើខុសច្បាប់នៅក្នុង តំបន់ព្រៃឡង់ ។
លោក អុិត សុធា បានបញ្ជាក់ថា លោក បានចោទប្រកាន់ពួកគេ ហើយបញ្ជូនទៅ ចៅក្រមដើម្បីឃុំខ្លួនហើយ ។ សូមបញ្ជាក់ ថា ជនសង្ស័យ៣នាក់ ដែលបាននាំគ្នាចូលទៅអារឈើខុសច្បាប់ នៅក្នុងតំបន់ដែន ជម្រកសត្វព្រៃ ព្រៃឡង់ត្រូវបានកម្លាំងមន្ត្រីបរិស្ថានប្រចាំការនៅទីនោះ ឃាត់ខ្លួន ប៉ុន្តែ សម្រាប់ជនសង្ស័យម្នាក់ទៀត ត្រូវបាន លោកព្រះរាជអាជ្ញា និងអភិបាលខេត្តអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ដោយសារ តែរូបគេ គ្រាន់តែរើសកម្ទេចកម្ទីឈើ ដើម្បីយកទៅធ្វើក្តារឈូមសម្រាប់សាច់ញាតិ ដែលមានវ័យចាស់ជរា ។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមូល ដ្ឋានក៏សុំឲ្យមន្រ្តី និងតុលាការបន្តចាត់ការទៅលើអ្នកនៅពីក្រោយខ្នង (ថៅកែ) ដែល បានជួលពួកគេទៅធ្វើអំពើល្មើស ច្បាប់នេះ ។
លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំបានប្រាប់ថា ជនសង្ស័យ ៣នាក់ ដែលបាននាំគ្នាចូលទៅអារឈើ ខុសច្បាប់ នៅក្នុងតំបន់ដែនជម្រកសត្វ ព្រៃព្រៃឡង់ ត្រូវបានកម្លាំងរបស់លោក ឃាត់ខ្លួន នៅរសៀលថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងតំបន់ពោធិរោងចំណុច វាលត្រពាំងជ្រៃ ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
លោកថា ជនសង្ស័យទាំង៣នាក់នោះ ទី១-ឈ្មោះ ស៊ិត មុំ អាយុ៣២ឆ្នាំ រស់នៅ ភូមិកុំពោតឈូក ឃុំខ្លែង ស្រុក សណ្តាន់ ទី២-ឈ្មោះ ប៉ោក ឌួង អាយុ២៤ឆ្នាំ រស់ នៅភូមិទំអរ ឃុំទំរីង ស្រុកសណ្តាន់ និង ទី៣-ឈ្មោះ ទុយ តឿ អាយុ៣២ឆ្នាំ រស់ នៅភូមិសំអោង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ក្នុងនោះកម្លាំងជំនាញដកហូតបាន ម៉ាស៊ីន (ង៉ោង) ត្រង់សឺន័រចំនួន៤គ្រឿង ដង ឡាម៤ និងច្រវ៉ាក់៤ខ្សែ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ឈ្មោះ ស៊ិត មុំ និងឈ្មោះ ប៉ោក ឌួង បាន សារភាពថា ពួកគេគ្រាន់តែជាអ្នកស៊ីឈ្នួលអារឈើឲ្យលោកថៅកែម្នាក់ ឈ្មោះ តាំង រស់នៅភូមិទំអរ ឃុំទំរីង ស្រុកសណ្តាន់ ដែលបានឲ្យម៉ាស៊ីនត្រង់សឺន័រ២គ្រឿងចូលទៅ អារឈើក្នុងតំបន់ព្រៃឡង់ ដោយឲ្យ ឈ្នួលក្នុង១ម៉ែត្រគូបថ្លៃ៧ម៉ឺនរៀល ហើយទើប តែអារឈើបានមួយសន្ទុះធំ ក៏ត្រូវសមត្ថ កិច្ចចាប់ខ្លួនបាន ។
ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ទុយ តឿ បានសារភាពថា ខ្លួនជាអ្នកប្រកប របរដងជ័រដើម្បីចិញ្ចឹមជីវិត នៅពេលដើរ ដងជ័របានប្រទះឃើញដើមឈើតាត្រាវ ដែលដួលកប់នៅក្នុងដីជាយូរឆ្នាំមកហើយនោះ ក៏បានទៅខ្ចីរណារយន្តពីគេមកអារឈើតាត្រាវ ដែលដួលនោះក្នុងគោល បំណងយកមកធ្វើជាក្តារឈូលទុកសម្រាប់លោកយាយចាស់ជរា ប៉ុន្តែទើបតែអារបាន បន្តិច ក៏ត្រូវសមត្ថកិច្ចឃាត់បញ្ជូនមកកាន់មន្ទីរបរិស្ថានខេត្តតែម្តង ៕ សហការី