ខេត្តព្រះសីហនុ៖ កម្មករទូកនេសាទសមុទ្រ មង ក្តាម ម្នាក់បានរអិលជើងធ្លាក់ទឹកលង់ស្លាប់ នៅម៉ោងប្រមាណ៥ទៀបភ្លឺ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចកោះឫស្សី ខណៈរូបគេ និងក្រុមកម្មករទូក និងតៃកុងចំនួន៦នាក់ផ្សេងទៀត បានចេញនេសាទ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយកើតហេតុភ្លាម ក្រុមកម្មករទូកដូចគ្នាបានបើកទូកស្វែងរក និងរកឃើញជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា សពជនរងគ្រោះមានឈ្មោះ សុខ វ័ន្ត ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅក្រុម៣១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងមានស្រុកកំណើតនៅភូមិប្រធាតុ ឃុំព្រៃឈរ ស្រុកកំពុងត្របែក ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះមានប្រពន្ធឈ្មោះស៊ុំ ភឿន អាយុ៣៧ឆ្នាំ មុខរបរមេផ្ទះ។ ម្ចាស់ទូកឈ្មោះ ចាន់ រី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ រស់នៅក្រុម31 ភូមិ3សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ឆ្លងតាមការធ្វើកោសល្យវិច័យលើសាកសព ក្រុមសមត្ថកិច្ចជំនាញរកមិនឃើញមានស្លាកស្នាម ឬក៏មុខរបួសនៅលើដងខ្លួនសាកសពដែលបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយការធ្វើឃាតនោះទេ ។ ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ ពេលនេះសមត្ថកិច្ចនគរបាលជំនាញបានហៅក្រុមកម្មករទូក រួមនឹងតៃកុងទូកមកសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ យ៉ាងយកចិត្តទុកដាក់បំផុតដើម្បីរកមូលហេតុពិតថា តើជនរងគ្រោះពិតជារអិលជើងធ្លាក់ទឹកស្លាប់ដោយខ្លួនឯង ឬក៏មានរឿងអ្វីកើតឡើងផ្សេងពីនេះ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មនុស្សទាំង៦នាក់ដែលសមត្ថកិច្ចហៅទៅសាកសួរនេះ រួមមានៈ ១/ ឈ្មោះម៉ម វាសនា អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ តៃកុងទូក រស់នៅក្រុម៣១ ភូមិ៣ សង្កាត់លេខ៣ ក្រុង និងខេត្តព្រះសីហនុ។ ២/-ឈ្មោះថោង សុខុម អាយុ៣៥ឆ្នាំ ៣/ឈ្មោះសំ អាត អាយុ៣៤ឆ្នាំ ៤/ឈ្មោះទូច វ៉ាន់នី អាយុ៣៥ឆ្នាំ ៥/ឈ្មោះរត្ន័ អ៊ុយ អាយុ៣៨ឆ្នាំ អ្នកទាំង៤នេះ មានមុខរបរកម្មករនេសាទ ស្នាក់នៅក្នុងភូមិ ឃុំជាមួយតៃកុងទូក និងទី ៦/ឈ្មោះស៊ុន សុជា អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅក្រុម១៩ ភូមិ៣ សង្កាត់លេខ១ ក្រុង និងខេត្តព្រះសីហនុ៕ ឆ្លាម សមុទ្រ