ព័ត៌មានទាន់ហេតុការណ៍៖

ដូណាល់ ត្រាំអញ្ជើញលោកដូទឺរទេ ទៅកាន់សេតវិមាននៅឆ្នាំក្រោយ

ចែករំលែក៖

ប្រធានាធិបតីថ្មីអាមេរិកដូណាល់ ត្រាំបានអញ្ជើញមេដឹកនាំហ្វីលីពីន លោក Rodrigo Duterte ទៅកាន់សេតវិមាន នៅឆ្នាំ២០១៧ ក្រោយពេលលោកត្រាំស្បថចូលកាន់តំណែង។ ការអញ្ជើញខាងលើធ្វើឡើង ក្នុងពេលដែលមេដឹកនាំប្រទេសទាំងពីរបានជួបពិភាក្សាគ្នាតាមទូរស័ទ្ទ។

លោកដូទឺរទេ កាលពីថ្ងៃទី២ ខែធ្នូ បានទូរស័ព្ទជូនពរលោកដូណាល់ ត្រាំជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ។ការសន្ទនាតាមទូរស័ព្ទមានរយៈពេលជាង៧នាទី។ ទីព្រឹក្សាលោកឌូទឺរទេ បានបញ្ជាក់ថា ការសន្ទនាពិតជា ស្និទ្ធស្នាលយ៉ាងខ្លាំង។

សារព័ត៌មានរ៉យទ័រ បានផ្សាយថា លោកត្រាំ បានអញ្ជើញ ប្រធានាធិបតីឌូទឺរទេ ទៅកាន់សេតវិមាននៅឆ្នាំ២០១៧ ចំណែកប្រធានាធិបតីហ្វីលីពីនវិញក៏បាន អញ្ជើញប្រធានាធិបតីត្រាំទស្សនកិច្ចហ្វីលីពីនដូចគ្នានៅឆ្នាំក្រោយ ពេលដែលទីក្រុងម៉ានីល ធ្វើជាប្រធានសមាគមអាស៊ាន។ តាមទំនៀមទំលាបប្រធានាធិបតីអាមេរិក តែងតែទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានជាប្រចាំ ។

ការពិភាក្សាតាមទូរស័ព្ទកើតឡើងចំពេលដែល ទំនាក់ទំនងអាមេរិក និងហ្វីលីពីនធ្លាក់ចុះយ៉ាងខ្លាំង ហើយប្រទេសទាំងពីរប្រឈមមុខតានតឹងដាក់គ្នាទៀតផង។ ការប្រឈមមុខតានតឹងគឺក្រោយពេលដែលលោក អូបាម៉ា បានបង្ហាញពីក្តីបារម្ភដល់សង្គ្រាមប្រឆាំងគ្រឿងញឿនរបស់លោក ឌូទឺរទេ ដែលបានធ្វើឲ្យមនុស្សជាច្រើនស្លាប់ ។

បើទោះបីលោក ឌូទឺរទេ មានទំនាក់ទំនងល្អប្រសើរជាមួយលោក ដូណាល់ ត្រាំ តែហ្វីលីពីននៅតែរិះគន់ដល់ទីក្រុងវ៉ាស៊ីនតោនថា មានស៊ីលធម៌ក្លែងក្លាយ ។

ហ្វីលីពីន តែងតែថ្កោលទោសអាមេរិកពិសេស គឺក្រោយពេលដែល អាមេរិកប្រកាសផ្អាក់លក់កាំភ្លើងទៅឲ្យហ្វីលីពីន ។ លោក ឌូទឺរទេបានបញ្ចាក់ថា បើអាមេរិកមិនលក់ឲ្យហ្វីលីពីនទៅទិញពីប្រទេសចិន និងរុស្ស៊ី ក៏បាន ដោយប្រទេសទាំងពីរនោះបានត្រៀមលក់ឲ្យជានិច្ច៕ ម៉ែវ សាធី
trumpduterte-jpg-1024x625


ចែករំលែក៖