ភ្នំពេញ៖ អតីតFreshie Girl សម្រស់បានកញ្ញា លឹម មួយហ្គិច បានប្រកាសវិលរកការងារសិល្បៈជាថ្មីក្រោយពីអវត្តមានអស់ជាច្រើនខែ។ ក្រោយវិលវិញ តារាសម្តែងរូបនេះទទួលបានការងារថ្មីៗបន្តបន្ទាប់ដ៏គួរឲ្យភ្ញាក់ផ្អើល។
ដោយធ្លាប់មានប្រវត្តិការងារសិល្ប: និងបានសាងស្នាដៃជាច្រើននោះតារាសម្តែងនិងជាពិធីការិនីលឹម មួយហ្គិច បានសម្រេចចិត្តផ្អាកគម្រោងមុខជំនួញចោល និងងាកមកក្តាប់ឱកាសការងារសិល្បៈជាថ្មី។ តារាស្រីសាច់សខ្ចីរូបនេះ លើកឡើងថា ការបិទមុខរបរដែលជាប្រភពចំណូលធំក្នុងការរស់នៅ ព្រោះរូបនាងត្រូវបានគេទាក់ទងកក់ការសម្តែងពីមួយទៅមួយមិនអាចចោលតទៅទៀតបាន ។ បើរំលឹកពីអតីតកាលស្រីស្អាតសាច់សញញឹមស្អាតរូបនេះ ពិតជាបន្សល់នូវស្នាដៃសិល្ប:ជាច្រើនគួរសម មុននឹងនាងផ្អាកសិល្ប:ងាកទៅប្រកបមុខរបររកស៊ីនោះ ។
មួយហ្គិច គឺជាអតីតហ្វ្រេសស៊ីហ្គើល ស្រីស្អាតម្នាក់កាលពីឆ្នាំ២០១៤ដែលឆ្លងដល់វគ្គចុងក្រោយទោះមិនបានលើកពាន តែសម្រស់របស់នាងត្រូវបានផលិតករមួយចំនួនទំនាក់ទំនងរហូតទទួលបានការងារជាច្រើនអំឡុងពេលនាងសាងស្នាដៃសិល្ប:។ រឿងដែលនាងធ្លាប់សម្តែងគឺរឿង”ម៉ឺនុយធ្នាក់អន្ទាក់ស្នេហ៍” “ផ្កាទីងមោង” “ម្ជុលបាតសមុទ្រ”កន្លងមក។ ថ្មីៗនេះនឹងទទួលបានការងារសិល្បៈជាច្រើនបូករួមទាំងការចូលរួមសម្តែងក្នុងខ្សែភាពយន្តរឿង”ព្យុះជីវិតចិត្តអ្នកលេង”និងរឿង”សង្រ្គាមមរតក” ដែលបញ្ចាំងនៅស្ថានីយទូរទស្សន៍បាយ័ននាពេលខាងមុខនេះ ។ ក្រៅពីការងារសម្តែង នាងក៏ទទួលបានការងារច្រើនក្នុងពេលនេះ ដូចជាធ្វើជាពិធីការិនីនៅទូរទស្សន៍បាយ័ន កម្មវិធីនិយាយពីបាល់ទាត់ជាដើម។ ក្រៅពីនេះ មានភាពយន្តបីបួនទៀត ដែលនាងបានថតហើយនឹងគ្រោងបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ល្បីៗដោយរំពឹងថា នឹងកាន់តែលេចធ្លោរក្នុងការងារសិល្បៈ។
តារាស្រីដែលធ្លាប់បង្អូតសម្រស់នៅប្រទេសម៉ាឡេស៊ី និងនៅទីក្រុងហុងកុងរូបនេះបាននិយាយទៀតថា ពេលងាកមកសិល្ប:វិញ នាងកំពុងតែសម្តែងក្នុងរឿង”ម្ជុលបាតសមុទ្រ”និងរឿង”ព្យុះជីវិតចិត្តអ្នកលេង” ដែលនាងដើរតួស្រីស្រឡាញ់ស្រី សុទ្ឋតែជាស្នាដៃប្លែក និងរំពឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ ស្របពេលជាមួយគ្នា នឹងការវិលចូលសិល្ប:វិញនេះ នាងបន្តការរំពឹងថា បងប្អូនទស្សនិកជននិងជួយគាំទ្រការងារសិល្ប:របស់នាងហើយបណ្តាផលិតកម្មនានា ដែលត្រូវការរូបនាងសម្តែងនាងនឹងបន្តថតជូន ព្រោះសិល្ប:នាងស្រឡាញ់យូរមកហើយ។
សម្រាប់រឿងរ៉ាវបេះដូងវិញ តារាស្រីសម្តីបានរូបនេះលើកឡើងថា នាងមិនទាន់មានបុរសណាក្នុងចិត្តនៅឡើយ ប៉ុន្តែនាងចង់ទុកពេលវេលាច្រើនជាមួយនឹងការងារសិល្បៈចៀសវាងការចំណាយពេលគិតជ្រើច្រើនតែរឿងស្នេហានោះ៕ វឌ្ឍនា