ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួបសំណេះសំណាល ជាមួយបុគ្គលិក-កម្មករអនាម័យ បរិស្ថាន និងសាធារណការ ២,១៩៦នាក់

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី ៣ ខែធ្នូ ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល ជាមួយបុគ្គលិក-កម្មករអនាម័យ បរិស្ថាន និងសាធារណការ ចំនួន ២,១៩៦នាក់ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ជាកិច្ចចាប់ផ្តើម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះបង-ប្អូន ដែលជាកម្មករអនាម័យទាំងអស់ ដែលបានខិតខំបំពេញការងារយ៉ាងយកចិត្តទុកដាក់ ក្នុងការសម្អាតបរិស្ថានក្នុងរាជធានីភ្នំពេញ ដែលធ្វើឱ្យមានសោភ័ណភាពទីក្រុងស្អាត និងមានអនាម័យ។

នាឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្តល់អនុសាសន៍សំខាន់ៗរួមមាន ៖

– អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេស យុវជន សូមកុំប៉ះពាល់នូវគ្រឿងញៀនឱ្យសោះ ដែលជាមូលហេតុនាំបង្កឱ្យមានអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ កាប់សម្លាប់ឪពុកម្តាយ និងធ្វើឱ្យបាត់បង់កិត្តិយសគ្រួសារនៅក្នុងសង្គម។

– សូមជៀសវាងឱ្យបានដាច់ខាតនូវការដែលនាំឱ្យឆ្លងមេរោគអេដស៍ដល់ខ្លួន ឬបន្តចម្លងទៅអ្នកដទៃ និងក្រុមគ្រួសារ។ ដោយឡែក ចំពោះអ្នកដែលរស់នៅជាមួយមេរោគអេដស៍ សូមទៅពិនិត្យសុខភាព និងលេបថ្នាំពន្យាជីវិតឱ្យបានទៀតទាត់ ទៅតាមការកំណត់របស់គ្រូពេទ្យ។

– សូមបងប្អូនទាំងអស់ ថែទាំសុខភាពឱ្យបានល្អ ដោយត្រូវមានអនាម័យក្នុងការរស់នៅ ពិសេស ត្រូវបរិភោគទឹកស្អាត និងទឹកឆ្អិន ដើម្បីជៀសវាងជំងឺតម្កាត់ផ្សេងៗ និងការចំណាយក្នុងគ្រួសារ។

– ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយនូវអត្រាស្លាប់ និងពិការភាព ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ដែលនេះនៅតែជាបញ្ហាប្រឈមរបស់យើងទាំងអស់គ្នា។

– លើកទឹកចិត្តដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដោយព្យាយាមដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

– សូមក្រុមហ៊ុនស៊ីនទ្រី ចូលរួមលើកកម្ពស់សុខភាពរបស់បុគ្គលិករបស់ខ្លួន ដោយធ្វើការផ្គត់ផ្គង់ដល់កម្មកររបស់ខ្លួនបន្ថែម នូវសម្ភារៈអនាម័យ ដូចជា ស្បែកជើង ស្រោមមុខ ស្រោមដៃ។ល។

សូមបញ្ជាក់ថា បុគ្គលិក-កម្មករទាំង ២,១៩៦នាក់ ក្នុងម្នាក់ៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ នំប៉័ង ២ដើម ទឹកសុទ្ធ ២ដប និងថវិកា ១០០,០០០រៀល៕

as-1 as-2 as-3 as-4 as-5 as-6 as-7 as-8 as-9 as-10 as-11 as-12 as-13


ចែករំលែក៖