ព័ត៌មានទាន់ហេតុការណ៍៖

ឡើងគាស់បន្ទប់ជួលលួចបានសម្ភារមួយចំនួន ចុះមកវិញត្រូវពលរដ្ឋចាប់ប្រគស់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាក្រោយពីធ្វើសកម្មភាពឡើងគាស់សោបន្ទប់ចំនួន៣បន្ទប់លួចយកសម្ភារ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចបន្ទប់ជួលជាន់ទី៣ ភូមិចុងថ្នាល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យមានឈ្មោះ ឈឺន សុផល ភេទប្រុស អោយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងកក់២ ខណ្ឌទួលគោក និងមានស្រុកកំណើតភូមិគោកទ្រា ឃុំរមាំង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ចំណែកជនរងគ្រោះមានឈ្មោះ ឡេង សុផល ភេទស្រី មុខរបកម្មការិនីរោងចក្រ ស្នាក់នៅបន្ទបជួលលេខ១១ ក្រុម៦ ភូមិចុងថ្នាល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិកោះក្អែក ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំ។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញជនសង្ស័យឡើងទៅខាងលើជាន់ទីបី មួយសន្ទុះក្រោយមក ឃើញចុះមកវិញ ពេលនោះពួកគាត់មានការសង្ស័យក៏ហៅអោយឈប់ តែជនសង្ស័យមិនឈប់ បានព្យាយាមរត់គេចខ្លួន ទើបពួកគាត់នាំគ្នាដេញតាមចាប់បានតែម្តង ក្រោយមកឆែកឃើញមានដែកចុងស្រួចសម្រាប់ឆ្កិះសោបន្ទប់ និងដង្កាប់២ ទើបឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពឡើងគាស់សោបន្ទប់ជួលខាងលើពិតមែន ព្រោះអត់លុយចាយ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការតាមផ្លូវច្បាប់ ៕ តុង សីហា

as-1 as-2 as-3 as-4


ចែករំលែក៖