ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអបអរសាទរខួបទី១៨ នៃទិវាជនពិការកម្ពុជា និងទិវាជនពិការអន្តរជាតិលើកទី៣៤ (៣ ធ្នូ ១៩៨២- ៣ធ្នូ ២០១៦)។
សម្តេចបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖
«សូមអបអរសាទរខួបទី ១៨ នៃទិវាជនពិការកម្ពុជា និងទិវាជនពិការអន្តរជាតិលើកទី៣៤ (៣ ធ្នូ ១៩៨២- ៣ធ្នូ ២០១៦)។
ទិវាដ៏សំខាន់ថ្ងៃនេះ គឺដើម្បីលើកកម្ពស់នូវសិទ្ធិសេរីភាព និងសុខុមាលភាពជនពិការ ព្រមទាំងផ្តល់នូវការគាំទ្រដោយគ្មានការរើសអើងចំពោះជនពិការដែលជាធនធានដ៏សំខាន់មិនអាចមើលរំលងបានក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។ ទាំងរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល និងវិស័យឯកជនគឺយើងរួម គ្នាជួយជនពិការ និងក្រុមគ្រួសារឱ្យទទួលបាននូវគុណភាពជីវិតល្អប្រសើរ គ្មានការរើសអើង និងទទួលបាននូវសេវាសង្គម និងសេវាសាធារណៈស្មើៗគ្នាដើម្បីជនពិការមានឱកាសក្នុងការចូលរួមគ្រប់សកម្ម ភាពសង្គម។
សូមកោតសរសើរ និងអរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្រ្តីរាជការទាំងអស់នៃក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួង ស្ថាប័ននានា អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងមូលនិធិជនពិការ ជាពិសេសបងប្អូនជនពិការដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្ម និងជំរុញឲ្យមានការដាក់បញ្ចូលជនពិការក្នុងការអភិវឌ្ឍប្រទេស។
សូមជូនពរបងប្អូនជនពិការទូទាំងប្រទេសទទួលបានសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា» ៕