ភ្នំពេញ ៖ ដោយសារតែភ្លើងប្រចណ្ឌ ប្តីទ្រាំមិនបានវាយធ្វើបាក់ប្រពន្ធព្រឹកល្ងាច មិនដែលលស់ ថែមទាំងចោទថា មាសហាស្មន់ជាមួយប្រុសថ្មីធ្វើឲ្យប្រពន្ធទប់មិនជាប់រត់ទៅប្តឹងអាជ្ញាធរសង្កាត់ចោមចៅ ទាំងទឹកភ្នែក សុំលែងលះប្តី ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ស្រ្តីរងកម្មមានឈ្មោះ កេត ចន្ថា អាយុ៣៥ឆ្នាំ មុខរបរលក់ត្រី មានប្តីឈ្មោះ សូរ ចិត្ត អាយុ៣៦ឆ្នាំ មុខរបរលក់ត្រី មានកូន៣នាក់ ប្រុស១នាក់ ស្រី២នាក់ រស់នៅក្នុងបន្ទុកគ្រួសារ ស្នាក់នៅផ្ទះជួល កន្លែងកើតហេតុ មានស្រុកកំណើតភូមិមាលា ឃុំកំពង់សុឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
តាមសម្តីរងគ្រោះបានឲ្យដឹងថា ក្រោយពីលែងលះជាមួយប្តីដើម បន្សល់ទុកកូនស្រី២នាក់ ហើយមកយកប្តីក្រោយ បុរសខាងលើ មានកូនប្រុសម្នាក់ ជាកូនរបស់ប្តីក្រោយ សរុបទាំងអស់៣នាក់ បានគ្នាជាប្តីប្រពន្ធអស់រយៈពេល៨ឆ្នាំមកហើយ ដោយប្រកបរបរលក់ត្រី ។
ស្រ្តីដដែលបន្តទៀតថា ទង្វើរបស់ប្តី តែងតែប្រើអំពើហិង្សា វាយព្រឹកវាយល្ងាច សឹងរាល់ថ្ងៃ ថែមទាំងចោទប្រកាន់ ថាមានសហាយទៀត រហូតមកដល់ល្ងាចថ្ងៃទី០២ ខែធ្នូ បន្ទាប់ពីបងប្រុសបង្កើតមកលេង សួរសុខទុក្ខ បន្ទាប់ពីលេចឮព័ត៌មាន ហិង្សាក្នុងគ្រួសារ មានសភាពមិនប្រក្រតី បែរជាលោកប្តី ចោទថា នាំសាហាយចូលផ្ទះ រហូតដល់ប្រទូស្តរ៉ាយ វាយ ទាត់ ធាក់ បណ្តាលឲ្យរងរបួស ពកក្បាល ត្រូវបានអ្នកជិតខាងចាប់ឃាត់ រហូតដល់ព្រឹកថ្ងៃទី០៣ ខែធ្នូ ទ្រាំលែងបានរត់ទៅប្តឹង អាជ្ញាធរសង្កាត់ចោមចៅ ដើម្បីសុំលែងលះ ៕ សុខាសែនជ័យ