ខេត្តសៀមរាប៖ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងស្នាក់ការសន្តិសុខ.បេ.៨. ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី យូ រ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ក្រោមការដឹកនាំចង្អុលបង្ហាញដោយលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឱ្យកម្លាំងក្រោមឱវាទ បានចុះប្រតិបត្តិការបង្ក្រាបករណីបទល្មើសនេសាទខុសច្បាប់មួយកន្លែង នៅលើទឹកដីខេត្តសៀមរាប រហូតឈានដល់ឃាត់ខ្លួនអ្នកនេសាទប្រុស ស្រីបានចំនួន៨នាក់ ។
ហេតុការណ៍នេះធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ខណៈពួកគេកំពុងជិះកាណូត ចុះរុញស៊ីប។
តាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថខេត្តបានប្រាប់ឱ្យដឹងថា ការចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ប្រុស ស្រី បានចំនួន៨នាក់ រួចយកមកសួរនាំនៅការិយាល័យជំនាញ និងប្រគល់ឱ្យមន្ត្រីជលផល យកទៅសួរនាំបន្តតាមនិតិវិធីច្បាប់ ។
ជនល្មើសនេសាទប្រុស ស្រី ទាំង ៨នាក់នោះមាន៖ ទី១/ឈ្មោះ សុខ មុំ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរអ្នកនេសាទ ជនជាតិវៀតណាម ទី២/ឈ្មោះ ដាំង យ៉ាំងញឹក ភេទប្រុស អាយុ២២ឆ្នាំ មុខរបរអ្នកនេសាទ ជនជាតិវៀតណាម ទី៣/ឈ្មោះ ប៊ុន ចាន់នី ភេទប្រុស អាយុ២០ឆ្នាំមុខរបរអ្នកនេសាទ ជនជាតិខ្មែរ ទី៤/ឈ្មោះ មិញ យ៉ាំងថា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរអ្នកនេសាទ ជនជាតិវៀតណាម ទី៥/ឈ្មោះ ឡេង ជា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរអ្នកនេសាទ ជនជាតិវៀតណាម ។ ប្រុស ស្រី ទាំង៥នាក់នេះ រស់នៅភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ និងទី៦/ឈ្មោះ កាំង យ៉ាំង ហ្វី ភេទប្រុស អាយុ៤២ឆ្នាំមុខរបរនេសាទ ជនជាតិវៀតណាម រស់នៅភូមិកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ទី៧/ឈ្មោះ មៀង យ៉ាំង នេ ភេទប្រុស អាយុ១៤ឆ្នាំ កូនអ្នកនេសាទ ជនជាតិវៀតណាម ស្នាក់នៅភូមិកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប និងទី៨/ឈ្មោះ ចាំង យ៉ាំងយូ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរអ្នកនេសាទ ជនជាតិវៀតណាម មានទីលំនៅភូមិកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ក្រោយពីឃាត់ខ្លួន កម្លាំងជំនាញបានដកហូតបានវត្ថុតាងរួមមាន៖ កាណូត ចំនួន៤គ្រឿង មានម៉ាស៊ីន , ដង រុញ ចំនួន៨,សាច់មុខរុញ ចំនួន៨ ,និងព្រលែងកូនត្រីចូលទឹកបឹងធម្មជាតិវិញ ចំនួន ៥០០ គីឡូក្រាម។
បច្ចុប្បន្នជនល្មើស ប្រុស ស្រី ទាំង ៨នាក់ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត បានប្រគល់ទៅឱ្យមន្ត្រីជលផល ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់ ៕ ប៊ុន រិទ្ធី