ព័ត៌មានទាន់ហេតុការណ៍៖

ហាងបាយមាន់ទេពផនបានយកចិញ្ចើមផ្លូវកែងធ្វើជាចំណតរថយន្តបង្កការកកស្ទះជារៀងរាល់ថ្ងៃ និងគ្មានផ្លូវសម្រាប់អ្នកថ្មើរជើង

ចែករំលែក៖

ភ្នំពេញ៖ ហាងបាយមាន់មួយកន្លែង ដែលមានឈ្មោះល្បីថា ជាបាយមាន់ទេពផន មានភ្ញៀវចូលចិត្តមកញ៉ាំ វេចខ្ចប់ យកទៅផ្ញើជូនក្រុមគ្រួសារពិសារនៅតាមគេហដ្ឋាន ទាំងល្បីថា ឆ្ងាញ់ មាន់ស្រែ ទាំងគ្រឿងក្នុងមាន់ ទាំងសាច់មាន់ និង តម្លៃសមរម្យ ដែលមានទីតាំងនៅខាងជើងស្តុបទេពផន តាមបណ្តោយផ្លូវម៉ៅសេងទុង កែងផ្លូវលេខ១៦០ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានរងការរិះគន់ពីប្រជាពលរដ្ឋជាអ្នកធ្វើដំណើរថា បានយកចិញ្ចើមផ្លូវធ្វើជាចំណតរថយន្តភ្ញៀវ និង បង្កឲ្យមានការកកស្ទះចរាចរស្ទើរតែរាល់ថ្ងៃ ។

ប្រជាពលរដ្ឋជាអ្នកដំណើរ ក៏ដូចជាអ្នករស់នៅក្បែរទីតាំងនេះបានឲ្យដឹងថា ទីតាំងលក់បាយមាន់នេះ គឺចាប់ផ្តើមលក់តាំងពីព្រឹករហូតមក ដោយនៅជុំវិញទីតាំងនេះ គឺមានរថយន្តរបស់ភ្ញៀវមកចតពេញចិញ្ចើមផ្លូវតែម្តង ហើយរថយន្តជាច្រើនគឺចតនៅកែងចិញ្ចើមផ្លូវតែម្តង ដែរបង្កឲ្យអ្នកធ្វើដំណើរពិបាកក្នុងការធ្វើដំណើរ និងជាពិសេសនោះគឺអ្នកថ្មើរជើងរកចិញ្ចើមផ្លូវដើរមិនបាន ហើយប្រជាពលរដ្ឋជាច្រើនមានការរអ៊ូរទាំចំពោះអាជ្ញាធរដែលមិនបានចុះមករៀបចំសណ្តាប់ធ្នាប់នៅតំបន់នេះ ធ្វើឲ្យអ្នកដំណើរថ្មើរជើងមិនមានចិញ្ចើមផ្លូវសំរាប់ពួកគាត់ដើរនោះទេ គឺពួកគាត់ផ្លូវបង្ខំចិត្តដើរលើទ្រូងផ្លូវតែម្តងដែលវាងាយបង្កគ្រោះថ្នាក់ជាយថាហេតុសំរាប់ពួកគាត់ ហើយម៉្យាងវិញទៀត វាបង្កឲ្យមានការកកស្ទះចរាចរ ដោយសារតែ មានរថយន្ត ចតពេញចិញ្ចើមផ្លូវ ។

អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋដែលពួកគាត់ មានការទើសភ្នែក ទើសច្រមុះបាននិយាយដោយសូមមិនបញ្ចេញឈ្មោះថា អាជ្ញាធរខណ្ឌទួលគោក រួមទាំងស្ថាប័ណ្ណពាក់ព័ន្ធ មិនបានយកចិត្ដទុក ដាក់ការថែរក្សាសោភ័ណ្ឌភាព និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធ នៅតាមដងផ្លូវឱ្យបានល្អ នេះគឺជាទង្វើអាក្រក់របស់អាជីវករលក់ដូរដែលយកចិញ្ចើមផ្លូវធ្វើជាកម្មសិទ្ធិ ហេតុដូច្នេះហើយ ពួកគាត់សូមឱ្យ អាជ្ញាធរខណ្ឌទួលគោក ជួយដើរមើលផងទាន កុំទុកអោយនៅបែបនេះទៀតអី វាធ្វើអោយប៉ះពាល់ខ្លាំងណាស់ ដូច្នេះអាជ្ញាធរមានសមត្ថកិច្ច គួរតែរៀបចំសណ្តាប់ធ្នាប់ ដើម្បីទុកចិញ្ចើមផ្លូវ សម្រាប់អ្នកថ្មើរជើងដើរផង ៕ជ្រោយពេជ្រ

image6 image1 image2 image3 image4 image5


ចែករំលែក៖