ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋស្រុកស្អាង និងស្រុកកៀនស្វាយរិះគន់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តមានការយឺតយ៉ាវក្នុងការជួសជុលផ្លូវជាតិលេខ១១០ដែលកំពុងរងការខូចខាត

ចែករំលែក៖

ខេត្តកណ្តាលៈ ប្រជាពលរដ្ឋរស់នៅស្រុកស្អាង និង ស្រុកកៀនស្វាយ បាននាំគ្នានិយាយរិះគន់ទៅលើមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល ក្រោមការដឹកនាំដោយលោក ម៉ឹង យូរឡេង ថា មានការយឺតយ៉ាវក្នុងការជួសជុលផ្លូវជាតិលេខ១១០ត្រើយខាងកើតដងទន្លេបាសាក់ ខណៈដែលផ្លូវជាតិមួយខ្សែនេះកំពុងទទួលរងការខូចខាតស្ទើរតែធ្វើចរាចរណ៍លែងកើតទៅហើយនោះ ដោយនៅរដូវវស្សាទឹកដក់នៅលើផ្លូវជាតិដូចបឹង រីឯខែប្រាំងវិញហុយទ្រលោមមើលផ្លូវមិនចង់ឃើញ ។

ផ្លូវជាតិលេខ១១០នេះទទួលរងការខូចខាត ដោយកន្លែងអស់រយៈពេលប្រមាណ២ឆ្នាំមកហើយ ពុំឃើញវត្តមានមន្ត្រីជំនាញនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាលចុះមកធ្វើការជួសជុលឲ្យបានត្រឹមត្រូវតាមស្តង់ដារនោះទេ ពោលគឺគ្រាន់តែដាក់គ្រឿងចក្រមកធ្វើការឈូសឆាយលំលំ ក៏ត្រឡប់ទៅវិញអស់ មិនបានអ៊ុតកៅស៊ូឲ្យបានត្រឹមត្រូវនោះទេ ជាហេតុធ្វើឲ្យដីហុយទ្រលោមស្ទើរមើលផ្លូវមិនឃើញពេល ដែលមានរថយន្តបើកឆ្លងកាត់ម្តងៗ ដោយឡែកប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែរផ្លូវនេះ បានទទួលរងផលប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរផងដែរដោយសារដីហុយ ។ នៅរដូវវស្សាវិញទឹកដក់នៅលើផ្លូវដូចបឹងអញ្ចឹងដែរ ដែលជាហេតុធ្វើឲ្យផ្លូវជាតិមួយខ្សែនេះកាន់តែទទួលរងការខូចខាត ។

ចំណុចដែលខូចខាតខ្លាំងជាងគេនោះគឺនៅក្នុងភូមិសាស្ត្រឃុំឈើទាល ,ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ និងឃុំស្វាយប្រទាល ,ឃុំត្រើយស្លា ស្រុកស្អាង ។ ផ្លូវដែលទទួលរងការខូចខាតមិនមែនតែផ្លូវជាតិលេខ១១០នេះមួយខ្សែទេ គឺមានជាច្រើនខ្សែទៀត ក្នុងក្នុងភូមិសាស្ត្រស្រុក/ក្រុងទាំង១១របស់ខេត្តកណ្តាល ដែលរងការខូចខាត ហើយពុំត្រូវបានជួសជុលពីមន្ត្រីជំនាញ នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល ក្រោមការដឹកនាំដោយលោក ម៉ឹង យូរឡេង ដែលកំពុងស្ពឹកស្រពន់ទៅណាមិនរួចពីកៅអីព្រោះខ្លាចគេដណ្តើមបាត់នោះទេ ។

គួររំឮកថា កាលពីជំនាន់លោក មាស សឿន នៅជាប្រធានមន្ទីរ ផ្លូវនៅទូទាំងខេត្តកណ្តាលពុំសូវរងការខូចខាតធ្ងន់ធ្ងរនោះទេ ដោយសារតែអតីតប្រធានមន្ទីររូបនេះគាត់មានភាពរហ័សរហួន ឧស្សាហ៍ចុះត្រួតពិនិត្យស្ថានភាពផ្លូវ មិននៅអង្គុយចាំកៅអីដូចលោកប្រធានមន្ទីរបច្ចុប្បន្ននេះទេ ។ ពេលផ្លូវទទួលរងការខូចខាតលោក មាស សឿន អតីតប្រធានមន្ទីរតែងតែចាត់តាំងឲ្យមន្ត្រីជំនាញចុះទៅធ្វើការជួសជុលជាបន្ទាន់ ដើម្បីកុំឲ្យផ្លូវកាន់តែខូចខាតធ្ងន់ធ្ងរ។ មកដល់ជំនាន់លោក ម៉ឹង យូរឡេង វិញត្រូវខូចខាតបន្តិចបន្ទួចមិនជួសជុលនោះទេ គឺទុកឲ្យជង្ហុកស្ទើរលិចឡានបាត់ មិនចុះមកមើលទៀត បើនិយាយឲ្យចំគាត់មិនខ្វល់ពីផ្លូវខូចនោះទេ អ្វីដែលគាត់ខ្វល់នោះគឺខ្លាចគេដណ្តើមកៅអីបាត់ ។

ប្រជាពលរដ្ឋស្រុកស្អាង និងស្រុកកៀនស្វាយ ស្នើរសុំដល់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន មេត្តាពិនិត្យមើលលើភាពយឺតយ៉ាវ របស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល ក្រោមការដឹកនាំដោយលោក ម៉ឹង យូរឡេង នេះផង ព្រោះថាផ្លូវជាតិលេខ១១០ខូចអស់រយៈពេលជាយូឆ្នាំមកហើយ មិនមានការជួសជុលតាមស្តង់ដារនោះទេ គឺធ្វើលំលំឲ្យរួចតែពីដៃ៕ស្អាងជ័យ

se se-1 se-2 se-3 se-4


ចែករំលែក៖