ខេត្ដសៀមរាប៖ ករណីអគ្គិភ័យមួយ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ បណ្ដាលឲ្យមនុស្ស ម្នាក់រងរបួសធ្ងន់ និងផ្ទះសំណាក់៣ខ្នងរង ការខូចខាតទាំងស្រុងដោយសង្ស័យថា បណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកនៅចំណុចផ្ទះសំណាក់ ភូមិឧទ្យាន(Garden Village) ស្ថិតក្នុង ក្រុមទី១ ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុង សៀមរាប ខេត្តសៀមរាប ។
លោកអនុសេនីយ៍ឯក ដា ចំរើន អធិការ ស្តីទីនៃអធិការដ្ឋាននគរបាលក្រុងសៀម រាបបានឲ្យដឹងថា មូលហេតុអគ្គិភ័យឆេះ នេះបណ្តាលមកពីទុស្សេខ្សែចរន្តអគ្គិសនី ហើយការខូចខាតផ្ទះសម្រាប់ភ្ញៀវស្នាក់នៅចំនួន៣ខ្នង ទី១-ផ្ទះទំហំ១០ម៉ែត្រ គុណ៣០ម៉ែត្រ ទី២-ផ្ទះទំហំ១០ម៉ែត្រ គុណ៣០ម៉ែត្រ និងទី៣-ផ្ទះទំហំ៥ម៉ែត្រ គុណ១០ម៉ែត្រ ធ្វើអំពីថ្មប្រក់ក្បឿង ជញ្ជាំង បាំងស្លឹក រងការខូចខាតផ្នែកខាងលើ។ ករណីនេះបណ្តាលឲ្យរងរបួសមនុស្សម្នាក់ឈ្មោះ ទេព គឹមខេន ភេទប្រុស អាយុ៣៥ ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យត្រូវជាបង ប្អូនម្ចាស់ផ្ទះឆេះខាងលើ ។
មន្ត្រីនគរបាលបានឲ្យដឹងថា កម្លាំង ចម្រុះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៨គ្រឿងក្នុងនោះរថយន្តរបស់ស្នងការ ដ្ឋាននគរបាលខេត្តសៀមរាប៤គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប៤គ្រឿង។ អគ្គិភ័យនេះបានរលត់ទៅវិញនៅវេលាម៉ោង ៧និង២៥នាទីព្រឹកថ្ងៃដដែល ៕ ជានិរន្ដរ៍