ព័ត៌មានទាន់ហេតុការណ៍៖

បេប៊ីធ្វើឲ្យភ្ញាក់ផ្អើលនឹងដំណឹងទិញផ្ទះជិត២០ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង និងពិធីការិនីសម្រស់ស្រស់សោភា កញ្ញា បេប៊ី បានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីដំណឹងទិញផ្ទះវីឡាភ្លោះតម្លៃជិត២០ម៉ឺនដុល្លារអាមេរិកត្រូវបានគេទម្លាយ។ នៅពីក្រោយភាពថ្កុំថ្កើននេះត្រូវបានអ្នកក្នុងចង្កោមសិល្បៈលើកឡើងថាមានអ្នកនៅពីក្រោយជួយទំនុកបម្រុង ។

ការប្រែប្រួលជីវភាពលឿនដូចគ្រាប់ព្រួញរបស់កញ្ញា ជុំ រចនាពេជ្រ ហៅបេប៊ី បានធ្វើឲ្យអ្នកក្នុងចង្កោមសិល្បៈមានការភ្ញាក់ផ្អើលខ្លាំង។ ភ្ញាក់ផ្អើលព្រោះតែនាងទើបនឹងដូររថយន្តសេរីថ្មីតម្លៃច្រើនម៉ឺនដុល្លារអាមេរិកមិនបានប៉ុន្មានផងស្រាប់តែពេលនេះនាងត្រូវបានគេទម្លាយបានទិញផ្ទះវីឡាភ្លោះនៅបុរីប៉េងហួត យ៉ាងរំភើយទៀត។

អ្នកខ្សឹបខ្សៀវលើកឡើងថា បេប៊ីមានអ្នកចិញ្ចឹម ផ្តល់លុយកាក់ច្រើនក្រាស់ក្រែលដើម្បីផ្គាប់ចិត្តទាក់បេះដូងកញ្ញាស្រស់សោភារូបនេះ ប៉ុន្តែបុរសនៅពីក្រោយភាពហ៊ឺហានេះកំពុងស្ថិតក្នុងទីអាថ៌កំបាំងនៅឡើយ។

ប្រភពបន្តថាតាមប្រភពចំណូលបានមកពីការសម្តែង និងពិធីការិនី បេប៊ី នឹងមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការក្លាយជាម្ចាស់រថយន្តទំនើប និងផ្ទះវីឡាធំស្កឹមស្កៃបាននោះទេ។ ដំណឹងដ៏រសើបថានាងមានអ្នកជួយទំនុកបម្រុងនេះកាន់តែរីកធំឡើងពិសេសក្រោយពីមរណភាពរបស់ឪពុកនាង។

ទោះបីជាមានការលើកឡើងដូចនេះក្តី តារាសម្តែងស្រីល្បីឈ្មោះរូបនេះស្នើមិនធ្វើការបកស្រាយ ប៉ុន្តែម្តាយរបស់នាងបានធ្វើការច្រានចោលដំណឹងមានបុរសមានទ្រព្យផ្គត់ផ្គង់កូនស្រី។ ប៉ុន្តែអ្នកស្រីទទួលស្គាល់ថាកូនស្រីពិតជាទើបនឹងផ្លាស់ប្តូរថយន្ត និងទើបនឹងទិញផ្ទះវីឡាពិតមែន។អ្នកស្រីលើកឡើងថាមិនមានបុរសណាជួយទំនុកបម្រុងក្រៅតែពីការជួយខ្លួនឯងនោះទេ។

អ្នកស្រីថាសម្រាប់រថយន្តចាស់ដែលផ្លាស់ប្តូព្រោះតែវាមិនសូវធន់និងការធ្វើដំណើរផ្លូវឆ្ងាយ ហើយមួយរយៈចុងក្រោយនេះកូនអ្នកស្រីត្រូវចេញទៅសម្តែងពិសេសការធ្វើជាពិធីការិនីនៅខេត្តឆ្ងាយទើបសម្រេចចិត្តដូរចេញ។ អ្នកស្រីបន្តថា សម្រាប់ផ្ទះវីឡាភ្លោះនៅបុរីប៉េងហួតវិញគឺជាការបង់រំលោះតែប៉ុណ្ណោះដែលអ្នកស្រីមិនបញ្ជាក់តម្លៃប៉ុន្តែការបង់មុនគឺត្រឹមតែ៣០ភាគរយនោះទេ។ អ្នកស្រីបន្តថាកូនស្រីអ្នកស្រីស្ទើរគ្មានពេលសម្រាកពីការងារទាំងការថតឈុតផ្សព្វផ្សាយពាណិជ្ជកម្ម សម្តែងខ្សែភាពយន្ត និងការងារជាពិធីការិនី។ អ្នកស្រីលើកឡើងដែរថា ក្រោយមរណភាពរបស់ឪពុកបេប៊ីទទួលការងារសិល្បៈកាន់តែច្រើនព្រោះតែចង់ជួយដល់គ្រួសារ ហើយអ្នកស្រីពិតជាអាណិតកូនស្រី។

ចំពោះការលើកឡើងថាកូនអ្នកស្រីមានបុរសមានទ្រព្យជួយពីក្រោយគឺជារឿងមិនពិត។ អ្នកស្រីបញ្ជាក់ថាអ្នកស្រីដើរតាមកូនស្រីគ្រប់ជំហ៊ាន ដែលសូម្បីតែទូរស័ព្ទក៏អ្នកស្រីជាអ្នកកាន់ដែរដូចនេះបើមានអ្នកជួយមែនមិនមែនអ្នកស្រីមិនដឹងទេ។ អ្នកស្រីទទួលស្គាល់ថាកូនស្រីពិតជាមានអ្នកតាមស្រលាញ់ច្រើន ប៉ុន្តែអ្នកស្រីពិតជាចង់ឲ្យកូនស្រីមានក្រុមគ្រួសារដែលឆ្លងកាត់ការរៀបការ និងទទួលស្គាល់ពីសាច់ញាតិទាំងសងខាង។

អ្នកស្រីរំពឹងដែរថាក្រោយការបញ្ជាក់នេះនឹងបញ្ចប់ពាក្យខ្សឹមខ្សៀវមួយចំនួនដែលចេះតែកើតមានឡើង៕ វឌ្ឍនា

1 2


ចែករំលែក៖