ខេត្តពោធិ៍សាត់៖ កម្លាំងចម្រុះខេត្តពោធិ៍សាត់យ៉ាងច្រើនសន្ធឹកសន្ធាប់ បានចាប់ផ្ដើមសម្រេចចិត្តចុះបង្រ្កាបបទល្មើសនេសាទជាលក្ខណៈទ្រង់ទ្រាយធំហើយ ប៉ុន្តែមកដល់រសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ គេពុំមានប្រភពណាមួយទម្លាយព័ត៌មាននៅឡើយនោះទេ ខណៈត្រូវបានគេដឹងថា កិច្ចការបង្រ្កាបនេះ មិនឲ្យមានអ្នកកាសែតណាម្នាក់ចូលរួមនោះទេ ដោយគេឃើញមានអ្នកកាន់កាមរាម្នាក់គត់ ដែលជាមន្រ្តីសាសាខេត្តពោធិ៍សាត់នោះ។
ប្រតិបត្តិការណ៍នេះចាប់ផ្ដើមអនុវត្តឡើងតាំងពីប្រលឹមថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ នៅបឹងទន្លេសាប ស្ថិតក្នុងភូមិកំពង់ផ្គោល ឃុំអន្សាចំបក់ និងភូមិកំពង់ឃ្នាស ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីប្រជានេសាទបានលួចបង្ហើបឲ្យដឹងតាទូរស័ព្ទនៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ថា ក្នុងកិច្ចប្រតិបត្តិការណ៍កម្លាំងចម្រុះចុះបង្រ្កាបល្មើសនេសាទខាងលើនេះ ដឹកនាំដោយលោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ ហើយគេឃើញមធ្យោបាយធ្វើដំណើរដោយកាណូតជិត ២០គ្រឿង និងកម្លាំងច្រើននាក់។
ប្រភពដដែលបន្តទៀតថា ទោះយ៉ាងណាក្ដី កិច្ចការបង្រ្កាបគេឃើញនៅដំណើរការទៅមុខដោយរលូន ទោសបីកន្លែងនោះជាកន្លែងយ៉ាងក្តៅគគុកពោរពេញទៅដោយប្រជានេសាទឡោមព័ទ្ធសមត្ថកិច្ចឥតឈប់ឈរក៏ដោយ ប៉ុន្តែទោះជាយ៉ាងណា គេពុំទាន់ដឹងអំពីលទ្ធផលនៅឡើយទេថា តើ ការបង្រ្កាបបទល្មើសនេសាទនារដូវបើកនេសាទនេះ មានប្រសិទ្ធភាព ឬគ្មានប្រសិទ្ធ? រង់ចាំការតាមដានព័ត៌មានច្បាស់ការទាំងអស់គ្នាជាបន្ត៕ ប៉ឹម ពិន