ភ្នំពេញៈ នគរបាលខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី៦ ខែធ្នូឆ្នាំ២០១៦ បានបង្ហាញមុខក្រុមជនសង្ស័យចំនួន២៥នាក់ពាក់ពន្ធ័នឹងប្រព្រឹត្តបទល្មើស១១ករណីផ្សេងៗគ្នា ក្នុងនោះក៏មានការបង្ក្រាបទីតាំងផលិតគ្រឿងញៀនដ៏ធំមួយកន្លែងផងដែរ ។
អធិការនគរបាលខណ្ឌឬស្សីកែវ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ បានឲ្យដឹងថា ដោយមានការបញ្ជាពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំបញ្ជាផ្ទាល់ដោយខ្លួនលោកផ្ទាល់ និងដោយមានការឯកភាពពីលោក ស៊ីន វីរៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងនោះ កម្លាំងយើង បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកម្លាំងប្រជាការពារផង ទើបយើងបើកប្រតិបត្តិការទទួលបានជោគជ័យបែបនេះ។
លោក អធិការបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀននេះ ជាលទ្ធផល បានស្រាវជ្រាវបន្តចាប់យកបក្ខពួកជនសង្ស័យជាបន្តបន្ទាប់ និងឈានទៅដល់ការបង្ក្រាបទីតាំងផលិតសារធាតុញៀនដោយខុសច្បាប់ដ៏ធំមួយកន្លែងផង។
កាលពី វេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រថ្ងៃទី៤ ខែឆ្នូ ឆ្នាំ២០១៦ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានបើកការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន ឃាត់ ឈ្មោះ សេន ដាយូសា ហៅបូ ភេទប្រុស អាយុ ២៩ឆ្នាំ ដោយបានដកហូតគ្រឿងញៀនចំនួន២០កញ្ចប់។
ក្រោយពីបានបង្ក្រាបរួចយើង ប្រើប្រាស់វិធានការជំនាញសួរយកចម្លើយទៅលើជនសង្ស័យ ក្រោយពីទទួលបានចម្លើយសារភាពភ្លាមក៏ បើកកិច្ចប្រតិបត្តិការទ្រង់ទ្រាយធំទៅលើទីតាំងផលិតសារធាតុញៀនមួយកន្លែង ស្ថិតនៅចំណុចផ្ទះជួលលេខ៩ ផ្លូវលេខ៣BC ក្រុម១ ភូមិចម្រើនផល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកទៀង ច័ន្ទសារបានរៀបរាប់បន្ថែមទៀតថា ប្រតិបត្តិការស្រាវជ្រាវនេះ ចាប់ផ្តើមស្រាវជ្រាវទើបក្រសោបយកមេខ្លោង និងសមាសភាពពាក់ព័ន្ធមួយចំនួនធំ ។
ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចយើងបង្ក្រាបបានមុខសញ្ញាជាក់ស្តែងជាបន្តបន្ទាប់ ព្រមទាំងរឹបអូស ភស្តុតាងពាក់ព័ន្ធយកទៅត្រួតពិនិត្យនៅក្នុងទីតាំងខាងលើរកឃើញប្រភេទថ្នាំញៀនមួយចំនួនធំ ដូចជា ម៉េតាណុលចំនួន១៤ដប, សារធាតុផ្សំ និងកែច្នៃសារធាតុញៀនមួយចំនួន, ក្រាមពណ៌សថ្លា ចំនួន២កញ្ចប់ធំ, ថ្នាំពេទ្យសម្រាប់កែច្នៃធ្វើជាសារធាតុញៀនមួយចំនួន ,សារធាតុញៀនជាគ្រាប់ចំនួន៣កញ្ចប់ធំ, សារធាតុដែលផលិតរួចប្រើជាផ្លូវការមួយចំនួន,ប្រភេទខេ (សម្រាប់ហិត) ប្រភេទគ្រាប់(គ្រវី) ប្រភេទWY(យ៉ាម៉ា)ប្រភេទលាយដែលផ្សំរួច (មេតំហ្វេតាមីនមួយចំនួន),ម្សៅកែច្នៃសារធាតុញៀនមួយចំនួន ,ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១គ្រឿង, ឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន រួមនិងឧបករណ៍សម្រាប់កែច្នៃសារធាតុញៀនមួយចំនួន។
ជាមួយនេះការបង្ក្រាបជនសង្ស័យទាំង២៥នាក់នេះគឺយើងបានបង្ក្រាបក្នុង ១១ករណីផ្សេងៗគ្នាទៀតដូចជាករណី ប្លន់ លួច ល្បែងស៊ីសង កាច់សោកម៉ូតូជាដើម៕ អរុណរះ