ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់អ្នកភូមិ និងរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន ខណៈដែលផ្ទះលោកប្រធានមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ត្រូវក្រុមជនសង្ស័យលួចគាស់ចំរឹងដែកបង្អូចខាងក្រោយផ្ទះ បន្ទាប់ពីម្ចាស់ជាប់រវល់ទៅខេត្តផ្សេងប្រមាណ៥ថ្ងៃ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា ម្ចាស់ផ្ទះដែលរងគ្រោះឈ្មោះសរ សុខម្រើន អាយុ៣០ឆ្នាំ មុខរបរជាប្រធានមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប មានទីលំនៅក្នុងភមិ ឃុំកើតហេតុខាងលើ ។
បើតាមអ្នកភូមិបានឲ្យដឹងថា មុនយប់កើតហេតុ វេលាម៉ោង១យប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ មានភ្លៀងធ្លាក់ព្រមទាំងមានឆ្កែព្រុសយ៉ាងខ្លាំង ខណៈមិនហ៊ានចេញមកក្រៅ ព្រោះគាត់ជាមនុស្សស្រីរហូតមកដល់ព្រឹក ស្រាប់តែឃើញទ្វារខាងក្រោយផ្ទះបើក និងបង្អុចត្រូវបានគាស់ចេញមួយប្រហោង និងអំពូលភ្លើងឆេះ ក៏មានការឆោឡោតែម្ថង ។
តាមម្ចាស់ផ្ទះបានប្រាប់អ្នកព័ត៌មានថា ក្រោយពីទទួលដំណឹងថា មានជនសង្ស័យចូលគាស់ផ្ទះ ទើបគាត់ប្រញាប់ប្រញាលមកខេត្តស្វាយរៀងវិញ ព្រោះជាប់រវល់ទៅខេត្តផ្សេងតាំងពីថ្ងៃសុក្ររយៈពេល៥ថ្ងៃមកហើយ ។
ប្រភពបន្តថា បន្ទាប់ពីត្រឡប់មកដល់ផ្ទះ និងក្រុមគ្រួសារបានចូលទៅពិនិត្យក្នុងបន្ទប់ និងទូខោអាវ ស្រាប់តែហួសចិត្តដោយម៉ូតូ២គ្រឿងនៅដដែល និងសម្ភារទ្រព្យសម្បត្តិមិនមានបាត់បង់អ្វីនោះទេ ខណៈដែលមិនដឹងជនសង្ស័យចង់យកអ្វីនោះទេ។
បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋានកំពុងសាកសួរម្ចាស់ផ្ទះបន្តទៀត ដើម្បីស្រាវជ្រាវរកមូលហេតុមូលហេតុជនសង្ស័យផងដែរ ៕ យឹម សុថាន