អភិបាលក្រុងញូវយ៉កលោក Bill De Blasio កាលពីថ្ងៃទី៥ ខែធ្នូ បានស្នើដល់ រដ្ឋាភិបាលអាមេរិកផ្តល់ប្រាក់៣៥លាន ដុល្លារដែលជាថ្លៃការពារប្រធានាធិបតីទើប ជាប់ឆ្នោតលោក ដូណាល់ ត្រាំ ។
ទឹកប្រាក់៣៥លានដុល្លារដែលទីក្រុងញូវយ៉កបានចំណាយសម្រាប់ការពារសន្តិសុខឲ្យប្រធានាធិបតីជាប់ឆ្នោតក្នុងរយៈ ពេល៧៥ថ្ងៃ គឺចាប់ពីថ្ងៃបោះឆ្នោតនៅថ្ងៃ ទី៨ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២ ខែមករា នៅពេលដែលលោក ត្រាំ បានចូលកាន់ តំណែងនៅសេតវិមាន។ តាមការចំណាយ មធ្យមក្នុងមួយថ្ងៃមាន៤៧០ពាន់ដុល្លារ។
សារព័ត៌មាន CNN បានដកស្រង់សម្តីមន្ត្រីទីក្រុងញូវយ៉កសហរដ្ឋអាមេរិកមក បញ្ជាក់ថា ដើម្បីការពារសន្តិសុខសុវត្ថិភាពដល់ប្រធានាធិបតីទើបតែជាប់ឆ្នោតលោក ដូណាល់ ត្រាំ និងគ្រួសារគឺត្រូវចំណាយប្រាក់ប្រមាណ១លានដុល្លារក្នុងមួយថ្ងៃ។
ប្រាក់សម្រាប់ការពារសន្តិសុខនោះក៏ មិនថយចុះដែរ នៅពេលដែលលោក ត្រាំ ចូលទៅរស់នៅក្នុងសេតវិមាន។ ដោយ សារតែភរិយាលោក ត្រាំ គឺលោកស្រី Malenia Trump ព្រមទាំងកូនប្រុសអាយុ ១០ឆ្នាំ ឈ្មោះ Barron បន្តរស់នៅក្នុងអគារ Trump រហូតដល់កូនបញ្ចប់ឆ្នាំសិក្សាសិនទើបទៅរស់នៅជាមួយស្វាមី។ ចំណែក លោក ត្រាំ ក៏បានបញ្ជាក់ថា លោកនឹងទៅផ្ទះជាញឹកញាប់មើលប្រពន្ធកូន។
លោក John Miller អនុប្រធានក្រុម ចារកិច្ច និងប្រឆាំងភេរវកម្មមកពីស្នងការដ្ឋានប៉ូលិសទីក្រុងញូវយ៉កបញ្ជាក់ថា ក្នុង ចំណោមប្រាក់ចំណាយ១លានដុល្លារក្នុងមួយថ្ងៃនោះ គឺមានទាំងក្រុមការពារសម្ងាត់ ការពារកូនប្រុសធំ និងចៅរបស់លោក ដូ ណាល់ ត្រាំ ផងដែរ។ កូនចៅលោក ដូណាល់ ត្រាំ គឺរស់នៅក្នុងទីក្រុងញូវយ៉ក ហើយទទួល បានសិទ្ធិការការពារពីក្រុមសន្តិសុខ។
អភិបាលក្រុងញូវយ៉កលោក Bill De Blasio បញ្ជាក់ថា អាទិភាពជាចម្បងនោះ គឺសន្តិសុខសុវត្ថិភាពគ្រួសារប្រធានាធិបតីទើបជាប់ឆ្នោត។ ប៉ុន្តែក្រុមសន្តិសុខត្រូវការ ប្រាក់បន្ថែមទៀតដើម្បីផ្តល់ឲ្យកម្លាំងការពារដែលធ្វើការលើសម៉ោង។ សកម្មភាព ការពារប្រធានាធិបតីគឺត្រូវចំណាយមនុស្ស ជាច្រើនដែលមានសមត្ថភាពខ្ពស់ និង ចំណាយប្រាក់ច្រើនផងដែរ ពិសេសគឺ ពេលប្រធានាធិបតីមានកូនចៅច្រើនគឺ ត្រូវការពារមនុស្សទាំងអស់ពេលទៅណា មកណា។
បើទោះបីតួនាទីការពារប្រធានាធិបតីចាស់ និងប្រធានាធិបតីទើបតែជាប់ឆ្នោតជាតួនាទីរបស់ក្រុមសម្ងាត់ ប៉ុន្តែក្រុមសន្តិសុខនៅក្នុងតំបន់ក៏មានតួនាទីការពារ ពិសេសពេលធ្វើដំណើរនៅទីសាធារណៈ។
ប្រធានាធិបតីអាមេរិកមានសិទ្ធិស្នើ ដល់ក្រុមសន្តិសុខក្នុងតំបន់ការពារពេលទៅផ្ទះ។ ការការពារលោក ត្រាំ គឺត្រូវ ចំណាយច្រើនដោយសារតែកន្លែងស្នាក់នៅរបស់លោកស្ថិតនៅកណ្តាលទីក្រុងញូវ យ៉កដែលមានមនុស្សច្រើន។
ចាប់តាំងពីពេលនេះរហូតដល់ថ្ងៃស្បថចូលកាន់តំណែងលោក ដូណាល់ ត្រាំ ឧស្សាហ៍ចុះឡើងនៅផ្ទះក្នុងទីក្រុងញូវយ៉ក ទាំងនោះហើយធ្វើឲ្យក្រុមការពារត្រូវរវល់រហូត៕ ម៉ែវ សាធី