ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋអតីតយុទ្ធជនខ្មែរក្រហម រស់នៅចំណុចជើងភ្នំយ៉ាត ១៧គ្រួសារ នៅភូមិអូរតាប្រាំង សង្កាត់ព៉ៃលិន ក្រុងប៉ៃលិន ចាប់តាំងពីឆ្នាំ១៩៩៦ មុនសមាហរណកម្ម បានចោទប្រកាន់ដល់អាជ្ញាធរខេត្តប៉ៃលិនថា ចេញប្លង់កម្មសិទ្ធិដីធ្លី នៅចំណុចជើងភ្នំយ៉ាត អនុវត្តស្តង់ដា ២ បើ ឈ្មួញមានទឹកប្រាក់ និងអ្នកមានអំណាចទទួលបានប្លង់កម្មសិទ្ធិ ចំណែកពលរដ្ឋវិញ មិនចេញប្លង់កម្មសិទ្ធិឱ្យនោះឡើយ ប្រើប្រាស់ក្រោមរូបភាពប្រជាពលរដ្ឋ១៧គ្រួសារ រស់នៅក្នុងតំបន់អភិរក្សហាមឃាត់ខុសច្បាប់ ចំណែកឈ្មួញអ្នកមានទ្រព្យធន និងអ្នកមានអំណាចប្រចាំខេត្តប៉ៃលិន ដែលមានដីនៅជើងភ្នំយ៉ាតនោះដែរ គឺអាជ្ញាធរសំអាងថា ជាដីស្ថិតនៅខាងក្រៅតំបន់អភិរក្សមានកម្មសិទ្ធិចាប់តាំងពីក្រោយសមាហរណកម្មមកម្ល៉េះ គ្រាដែលប្រជាពលរដ្ឋបង្ហើបឱ្យដឹងថាដីក្នុងតំបន់ជើងភ្នំយ៉ាតមានប្រមាណ៥ហិកតាជាដីរបស់រដ្ឋទាំងអស់ ហើយក៏មានការកសាងមន្ទីរធ្វើការរបស់រដ្ឋចំនួន៣រួចហើយផងទៀត។
ប្លង់ដែលចេញឱ្យកាន់កាប់ដីធ្លីស្របច្បាប់នៅខាងលិចភ្នំយ៉ាតពលរដ្ឋលើកឡើងថាសង្ស័យអាជ្ញាធរខេត្តទើបតែចេញឱ្យកាន់កាប់ស្របច្បាប់នោះទេ។ការអនុវត្តមិនស្មើភាពគ្នាបែបនោះហើយធ្វើឱ្យពលរដ្ឋបាត់បង់ជំនឿទុកចិត្តរបស់អាជ្ញាធរខេត្តប៉ៃលិន។
លោក ស៊ឹម សុវ៉ាត ដែលជាអ្នកតំណាងពលរដ្ឋ១៧គ្រួសារ បានប្រាប់អ្នកយកព័ត៌មានយើងកាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ឱ្យដឹងថា ការរស់នៅរបស់ពួកគាត់បច្ចុប្បន្នពីមុនមកអាជ្ញាធរខេត្តគេបានរករឿងឱ្យមានការរុះរើលំនៅឋានទៅនៅទីតាំងផ្សេង។រដ្ឋត្រូវការយកដី សម្រាប់ធ្វើការអភិរក្សទីរមណីយដ្ឋាភ្នំយ៉ាត។ក្រោយមកដោយមានការតវ៉ាពីពួកគាត់ជាបន្តបន្ទាប់ទើបអាជ្ញាធរខេត្តគេបានអនុញ្ញាតឱ្យរស់នៅលើដីនោះដដែល ប៉ុន្តែមិនចេញប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីឱ្យនោះទេ។
លោកពូប្រាប់ឱ្យដឹងទៀតថា ដីអ្នកមានទ្រព្យធន និងអ្នកមានអំណាចនៅខាងលិចភ្នំយ៉ាតត្រូវបានអាជ្ញាធរខេត្តចេញប្លង់ប័ណ្ណកម្មសិទ្ធិឱ្យ ដោយឡែកសម្រាប់ប្រជាពលរដ្ឋរស់នៅចំណុចជើងភ្នំយ៉ាតដូចគ្នាបែរជាមិនចេញប្លង់កម្មសិទ្ធិ។ ពលរដ្ឋសំណូមពរឱ្យអាជ្ញាធរខេត្តមេត្តាចេញប័ណ្ណកម្មសិទ្ធិកាន់ដីធ្លីស្របច្បាប់ឱ្យពួកគាត់ ដើម្បីងាយស្រួលយកទៅប្រើប្រាស់ នៅពេលខ្វះប្រាក់ សម្រាប់ធ្វើស្រែចំការគឺពួកគាត់យកទៅដាក់ធនាគារដើម្បី ខ្ចីប្រាក់ យកប្រើប្រាស់ក្នុងការប្រកបមមុខរបរធ្វើស្រែចំការជាដើមនោះ។
ជុំវិញការចោទប្រកាន់ខាងលើ លោក ហុក សុផល ប្រធានមន្ទីរដែនដី នគរូបណីយកម្ម សំណង់ និងសូរីយោដីខេត្តប្រាប់ឱ្យដឹងថា ប្រជាពលរដ្ឋទាំងនោះ ពួកគាត់រស់នៅក្នុងតំបន់ហាមឃាត់ដែលខេត្តគ្រោងទុកសម្រាប់អភិរក្សរមណីយដ្ឋានភ្នំយ៉ាត។ចំណែកដីនៅខាងលិចភ្នំយ៉ាតគឺគេមានប័ណ្ណកម្មសិទ្ធិក្រោយពីសមាហរណកម្ម ហើយស្ថិតនៅខាងក្រៅគម្រោងរបស់ខេត្ត។ដូចច្នេះមន្ទីរជំនាញគ្រាន់តែបំពេញទៅតាមអ្វីដែលមានលំនាំដើមពីមុនមកតែប៉ុណ្ណោះ។
លោកប្រធានមន្ទីរប្រាប់ឱ្យដឹងទៀតថា ពលរដ្ឋ១៧គ្រួសារគឺកន្លងមកអាជ្ញាធរខេត្តបាន ដោះស្រាយឱ្យពួកគាត់ទៅរស់នៅចំណុចអូរប្រឺស បន្ទាប់មកដោះស្រាយឱ្យមករស់នៅខាងលិចភ្នំយ៉ាត ក្បែរវត្តកោងកាង ហើយអាជ្ញាធរចេញប័ណ្ណកកម្មសិទ្ធិកាន់កម្មដីធ្លីជូនពួកគាត់ នោះផងទៀត ប៉ុន្តែពួកគាត់មិនយល់ព្រមដោយលើកហេតុផលថា មិនចង់រើផ្ទះទៅណាវែងឆ្ងាយ។បច្ចុប្បន្នពួកគាត់កំពុងពង្រីកបំបែកដីចែកកូនចៅជាបន្តបន្ទាប់ថែមទៀត។
លោក កើត សុធា អភិបាលខេត្តប៉ៃលិនប្រាប់ឱ្យដឹងថា ពលរដ្ឋ១៧គ្រួសារខាងលើ អាជ្ញាធរខេត្តមិនបានដេញឱ្យពួកគាត់រុះរើផ្ទះអ្វីនោះទេ ប៉ុន្តែហាមឃាត់ពួកគាត់មិនឱ្យពង្រីកដី បន្ថែមទៀតនោះឡើយ។ពីព្រោះដីជើងភ្នំយ៉ាតជាដីសម្រាប់កសាងរមណីយដ្ឋានភ្នំយ៉ាតសម្រាប់ទេសចរណ៍។លោកថាក្នុងតំណាក់កាលលោកដឹកនាំខេត្តមិនចង់កសាងរឿងអាស្រូវមិនគម្បីសម្រាប់ទៅថ្ងៃក្រោយនោះទេ។លោកថាដីនៅខាងលិចភ្នំយ៉ាតជាដីមានកម្មសិទ្ធិរបស់គេត្រឹមត្រូវ។
សូមបញ្ជាក់ថា ភ្នំយ៉ាតមិនត្រឹមតែជាភ្នំសម្រាប់ការទាក់ទាញភ្ញៀវទេសចរណ៍ដែលមកលេងកំសាន្តនៅខេត្តប៉ៃលិនប៉ុណ្ណោះទេ ប៉ុន្តែភ្នំយ៉ាតក៏ជាទីសក្ការៈបូជាសម្រាប់ឱ្យប្រជាពលរដ្ឋមកគោរពប្រតិបត្តិតាមជំនឿសាសនា ផងដែរ។ភ្នំយ៉ាតក៏ត្រូវប្រជាពលរដ្ឋរាយការណ៍ឱ្យដឹងថាកន្លងមកធ្លាប់មានការជីកគាស់កកាយយករ៉ែត្បូងពីសំណាក់ក្រុមខិលខូចផងនោះទៀត។ដីជើងភ្នំក៏ត្រូវគេមើលឃើញថាកំពុងរងការរំលោភបំពានយកធ្វើជាកម្មសិទ្ធិឯកជនថែមទៀតផង៕ សំ វិច្ឆិកា