ព័ត៌មានទាន់ហេតុការណ៍៖

បារាំងអនុវត្តច្បាប់ប្រទេសស្ថិតក្នុងគ្រាអាសន្នបន្តទៀត

ចែករំលែក៖

ការអនុវត្តច្បាប់ប្រទេសស្ថិតក្នុងគ្រា អាសន្នរបស់បារាំងបានបន្តអនុវត្តឲ្យបានយូរអង្វែងតទៅមុខទៀត។ នេះបើតាមការ បញ្ជាក់ពីលោក Manuel Valls នាយករដ្ឋ មន្ត្រីបារាំងដែលបានថ្លែងប្រាប់សារព័ត៌ មានក្នុងស្រុកនាពេលកន្លងមក។

កន្លងមកប្រធានាធិបតីបារាំងលោក ហ្វ្រង់ស្វ័រ ហូលឡង់ បានឡើងថ្លែងសុន្ទរក ថាក្នុងពិធីរំលឹកខួប១ឆ្នាំការវាយប្រហារ ទីក្រុងប៉ារីស ដោយរំលឹកដល់ជនរងគ្រោះដែលបាត់បង់ជីវិត។ លោក ហូលឡង់ រួមជាមួយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ធ្វើដំណើរទៅកាន់ទីតាំងវាយប្រហារទាំង៨កន្លែង ដែលចាប់ផ្តើមពី Stade de France ទៅរហូត ដល់រោងមហោស្រព Bataclan ដើម្បីគោរព វិញ្ញាណក្ខន្ធជនរងគ្រោះ ។

ក្នុងបទសម្ភាសន៍ជាមួយប៊ីប៊ីស៊ីលោក Valls បានបញ្ជាក់ថា ការអនុវត្តច្បាប់ប្រទេស ស្ថិតក្នុងគ្រាអាសន្នគួរតែអនុវត្តបន្តវែងឆ្ងាយ ទៀតដោយសារតែគ្រោះថ្នាក់ និងការគំរាម កំហែងតាមវិធីសាស្ត្រដូចជាការវាយប្រហារ នៅទីក្រុង Nice នោះនៅតែមាន ។

ច្បាប់គ្រាអាសន្នបារាំងបានអនុវត្តបន្ថែម រយៈពេល៦ខែចាប់ពីខែកក្កដា ក្រោយពី រថយន្តដឹកទំនិញមួយគ្រឿងបានបើកបំបុក ហ្វួងមនុស្សនៅលើដងផ្លូវក្នុងទីក្រុង Nice នាឱកាសប្រារព្ធពិធីបុណ្យ Bastille Day បណ្តាលឲ្យបាត់បង់ជីវិត៨៤នាក់។

វិធានការចាំបាច់ផ្តល់ជូនកងកម្លាំង សន្តិសុខក្នុងការអនុវត្តច្បាប់ដោយក្នុងនោះអាចស្រាវជ្រាវចាប់ខ្លួន និងឃុំខ្លួននៅ ក្នុងផ្ទះ ចំពោះជនដែលសង្ស័យពាក់ព័ន្ធករណី ភេរវកម្ម ។

ពេលនេះអឺរ៉ុបកំពុងតែព្រួយបារម្ភខ្លាចខ្មាន់កាំភ្លើងជាច្រើននាក់ចូលក្នុងតំបន់អឺរ៉ុប វាយប្រហារភេរវកម្ម។ រដ្ឋមន្ត្រីក្រសួងមហា ផៃ្ទប្រទេសបែលហ្ស៊ិកលោក Jan Jambon បានប្រកាសថា មានខ្មាន់កាំភ្លើងក្រុមIS ប្រមាណពី៣០០០-៥០០០នាក់ ដែលមានសញ្ជាតិបណ្តាប្រទេសតំបន់អឺរ៉ុប ដែល កំពុងបំពេញបេសកកម្មវាយប្រហារនៅ ស៊ីរី និងលីប៊ីនាពេលកន្លងមកអាចនឹងវិលត្រឡប់មកអឺរ៉ុបវិញដើម្បីបើកការវាយ ប្រហារ។

ឆ្លើយតបទៅនឹងបទសម្ភាស៍របស់ បណ្តាញទូរទស្សន៍ RTBF លោក Jan Jambon បានបញ្ជាក់ថា ស្ថានភាពសន្តិ សុខនៅក្នុងប្រទេសបែលហ្ស៊ិកត្រូវបានរឹតបន្តឹងក្រោយរយៈពេលមួយឆ្នាំនៃការវាយប្រហារភេរវកម្មនៅក្នុងទីក្រុងប៉ារីសប្រទេស បារាំង។

លោកបានបញ្ជាក់ថា ខ្មាន់កាំភ្លើងក្រុម IS មួយចំនួនមានសញ្ជាតិបែលហ្ស៊ិកដែលកំពុងចូលរួមជាមួយក្រុមភេរវកម្មនៅស៊ីរី និងអីុរ៉ាក់អាចវិលត្រឡប់មកប្រទេសវិញដើម្បីវាយប្រហារ។

លោក Jan Jambon បានបន្តទៀតថា នៅពេលនេះមានមនុស្សសង្ស័យ១១៧ នាក់ថា ជាក្រុមIS បានមកដល់ប្រទេស ប៊ែលហ្ស៊ិក ហើយមនុស្សពាក់កណ្តាលក្នុងចំណោមនោះត្រូវបានចាប់ឃុំខ្លួនក្រៅពីនេះ ស្ថិតនៅក្នុងការតាមដានរបស់ក្រុម ប៉ូលិស។

ពាក់ព័ន្ធនឹងក្រុមភេរវកម្មដែលអាចវិលត្រឡប់មកប្រទេសបែលហ្ស៊ិកវិញលោក Jan Jambon ព្រមានថា ក្រុមIS ដែលកំពុងរងការវាយប្រហារយ៉ាងខ្លាំងនៅក្នុងប្រទេស អីុរ៉ាក់ និងស៊ីរី អាចនឹងបញ្ជូនខ្មាន់កាំភ្លើង របស់ខ្លួនដែលមានសញ្ជាតិប្រទេសតំបន់អឺរ៉ុបចូលមកអឺរ៉ុបដើម្បីបើកការវាយប្រហារ ភេរវកម្មទៅលើគោលដៅសំខាន់ៗ។

លោក Jan Jambon បន្តទៀតថា ក្រៅ ពីជនសង្ស័យថា ជាក្រុមភេរវកម្មជាង ២០០នាក់បានមកដល់បែលហ្ស៊ិកនៅ មានប្រមាណ៣.០០០-៥.០០០នាក់ទៀតអាចនឹងវិលត្រឡប់មកកាន់ប្រទេសតំបន់អឺរ៉ុបផ្សេងទៀត។

នៅពេលនេះដែរជនភៀសខ្លួនជាច្រើនកំពុងតែសម្រុកចូលអឺរ៉ុបតាមផ្លូវទឹកប្រកបដោយគ្រោះថ្នាក់យ៉ាងខ្លាំង ហើយក្រុមភេរវកម្មអាចនឹងបន្លំខ្លួនជាមួយក្រុមជនភៀសខ្លួនទាំងនោះដើម្បីបើកការវាយប្រហារនៅអឺរ៉ុប។ កន្លងមកថ្មីៗក្រុមជួយសង្គ្រោះបានជួយសង្គ្រោះជនភៀសខ្លួនប្រមាណ១.៤០០ នាក់នៅក្នុងសមុទ្រម៉េឌីទែរ៉ាណេក្នុងនោះរាប់បញ្ចូលទាំងអ្នកដែលស្ថិតនៅក្នុងពេលទូកកំពុងលិច ហើយនៅមុនពេលដែលពួក គេជិតលង់ទឹកប្រមាណជាង៧០០នាក់៕ ម៉ែវ សាធី

as


ចែករំលែក៖