ភ្នំពេញ៖ មានហេតុការណ៍បង្កការភ្ញាក់ការផ្អើលមួយបានកើតឡើង ដែលបុរសជាជនជាតិអាមេរិកម្នាក់ បានដើររអិលជើងធ្លាក់ពីលើក្បាលទូក ចូលទៅក្នុងទឹកទន្លេលិចបាត់ស្រមោលនៅវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចលើទូកទេសចរណ៍លើផែបណ្ដែតភ្នំពេញ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ KEN KRAMRE ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិអាមេរិក ស្នាក់នៅផ្ទះលេខ៣ ផ្លូវ១៧៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
បើតាមសម្ដីបុរសជាជនជាតិអាមេរិចកាំងម្នាក់ ហើយក៏ជាម្ចាស់ទូកដែលមានឈ្មោះPAUL BRIAN អាយុ៤៤ឆ្នាំ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់និងជនរងគ្រោះដែលបានស្គាល់គ្នាពីមុន បានពិភាក្សាគ្នារឿងការងារ ។ បន្ទាប់ក្រោយមកពួកគាត់ក៏បានណាត់គ្នាទៅហាង ទីតានិក បន្ថែមទៀត ដែលនៅក្បែរនិងផ្សាររាត្រី ហើយជនរងគ្រោះក៏បានដើរឡើងទៅមុន តែមិនដឹងជាមូលហេតុអ្វីនោះទេ ធ្វើឲ្យជនរងគ្រោះធ្លាក់ចូលទៅក្នុងទឹកទន្លេ បណ្ដាលឲ្យលិចខ្លួនបាត់ភ្លាមៗ។
ក្រោយកើតហេតុភ្លាមៗ បុគ្កលិកដែលនៅក្នុងលើទូកទាំងអស់ បាននាំគ្នាជិះទូកតូចៗតាមរក តែទោះជារកយ៉ាងណាក៏នៅតែរកមិនឃើញដែរព្រោះកម្លាំងទឹកគួចហូរខ្លាំងពេក។ បន្ទាប់មកសមត្ថកិច្ចនគរបាលចរាចរណ៍ជើងទឹករាជធានីភ្នំពេញ សហការជាមួហមន្ត្រីមូលដ្ឋានបានចុះមកធ្វើកំណត់ហេតុ ដើម្បីរកពីមូលហេតុអី្វឲ្យច្បាស់ ។ តែទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់ហ៊ាន សន្និដ្ឋានថាជនរងគ្រោះបានស្លាប់បាត់បង់ជីវិតឬក៏យ៉ាងណានៅឡើយដែរ បន្ទាប់ពីនាំគ្នាខិតខំរុករកជនរងគ្រោះមិនឃើញ៕ ព្រែកជ័យ