ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡេនឌ័របុករះម៉ូតូ៧គ្រឿង មនុស្សប្រុសស្រីពីរនាក់រងរបួស ម្ចាស់រថយន្តបញ្ចប់រឿងនៅត្រឹមអធិការក្រុង

ចែករំលែក៖

ប៉ោយប៉ែត៖ ម៉ូតូ៧គ្រឿងរងការខូចខាត និង មនុស្ស២នាក់រងរបួស បង្កឡើងដោយរថយន្តហាយឡេនឌ័រមួយគ្រឿង បោះពួយយ៉ាងលឿនបុករះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២៥នាទីព្រឹក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចមុខកាស៊ីណូរិច ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប្រាប់ថា រងគ្រោះក្នុងហេតុការណ៍នេះ នៅមិនបានស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយសារក្នុងហេតុការណ៍គ្រោះថ្នាក់ចរាណ៍ គឺរងរបួសស្រាល ហើយមិនបានប្ដឹងផ្ដល់គ្នា ទើបមិនបានយកឈ្មោះជនរងគ្រោះ រងរបួសទាំងពីរនាកប្ដីប្រពន្ធនោះ គេស្គាល់ថា ជាបុគ្គលិកកាស៊ីណួ Grand Diamond City ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូ៧គ្រឿង ដែលដួលដោយសាររងយន្តបុករះនោះខូចខាតតែ២គ្រឿងទេ រីឯ៥គ្រឿងទៀត ម្ចាស់ម៉ូតូ មិន ប្តឹងផ្តល់ឡើយ ។ ចំណែករថយន្តបង្កម៉ាកហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2L-8326 ខូចខាតតិចតួច ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់ ។

សមត្ថកិច្ចបញ្ជាក់នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ម្ចាស់រថយន្ត និងម្ចាស់ម៉ូតូរងគ្រោះចូលសម្រួលគ្នានៅកន្លែងអធិការដ្ឋាន ក្រុងប៉ោយប៉ែតដើម្បីបញ្ចប់រឿងកាលពីយប់ថ្ងៃកើតហេតុនោះតែម្តង ។

ទោះបីជាយ៉ាងណាក៏ដោយ រថយន្តបង្កនោះ មានឡូហ្គោអគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ២សន្លឹក និងរកឃើញអត្តសញ្ញាណប័ណ្ណ១សន្លឹកមានឈ្មោះ ឡុង រតនា ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

សមត្ថកិច្ចនិយាយថា មុនពេលកើតហេតុ រថយន្តខាងលើបើកពីទិសខាងកើតទៅលិច លុះដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុករះម៉ូតូជនរងគ្រោះ និងម៉ូតូដែលចតចាំដឹកម៉ូយនៅទីនោះតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយករថយន្តបង្ក និងម៉ូតូ២គ្រឿងទៅកាន់អធិការដ្ឋាននគរបាលក្រុងដើម្បីរក្សាទុក រង់ចាំ ដោះស្រាយនៅពេលក្រោយ ៕ វណ្ណា

as-1 as-2 as-3


ចែករំលែក៖