ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញសាកសព៣៦នាក់ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅប៉ាគីស្ថាន

ចែករំលែក៖

ក្រុមជួយសង្គ្រោះបានរកឃើញសាកសព៣៦នាក់ ក្នុងហេតុការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគិស្ថានPIA ។

សារព័ត៌មានDunya របស់ប៉ាគីស្ថានបានផ្សាយថា យន្តហោះ ATR-42 មានលេខហោះហើរPK-661 បានជួបគ្រោះថ្នាក់ពេលហោះហើរចេញពី ទីក្រុង Chitral ឆ្ពោះទៅកាន់ទី្រក្រុង អិស្លាមម៉ាបាត ។យន្តហោះខាងលើបានធ្លាក់នៅក្នុងភូមិ Saddha Batolini ក្នុងស្រុក Abbottabad ខេត្តKhyber Pakhtunkhwa កាលពីថ្ងៃទី៧ខែធ្នូ។

នៅពេលជួបគ្រោះថ្នាក់យន្តហោះខាងលើដឹកអ្នកដំណើរ៤៨នាក់ ក្នុងនោះមានក្រុមពហុនិកា៥នាក់វិស្វករម្នាក់។ កម្លាំងជួយសង្គ្រោះបានឲ្យដឹងថា ក្រោយហេតុការណ៍គ្រោះថ្នាក់ពួកគាត់រកឃើញសាកសព៣៦នាក់ ប៉ុន្តែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

សារព័ត៌មានAFP បានដកស្រង់សម្តីលោក Sardar Aurangzeb Nalota មន្ត្រីក្នុងតំបន់បានឲ្យដឹងថា យន្តហោះធ្លាក់ផ្ទុះឆេះបែកជាច្រើនបំណែក ទើបគ្មានអ្នកនៅរស់។ បំណែកយន្តហោះខ្ទាតនៅពាសពេញជើងភ្នំ។

សារព័ត៌មានរ៉យទ័របានផ្សាយថា ក្នុងចំណោមជនរងគ្រោះមានទាំងតារាចម្រៀង ប៉បដ៏ល្បីរបស់ប៉ាគីស្ថានគឺ Junaid Jamshed ។

យន្តហោះដែលជួបគ្រោះថ្នាក់ខាងលើបានហោះហើររយៈពេល១០ឆ្នាំមកហើយ ហើយក៏ធ្លាប់ជួបបញ្ហាបច្ចេកទេស កាលពីឆ្នាំ២០០៩ផងដែរ។ នៅក្នុងសេចក្តីប្រកាសមួយ នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោកណាវ៉ាស សារីហ្វ បានបញ្ជាក់ថា «ពលរដ្ឋនៅក្នុងប្រទេសទាំងមូលមានការតក់ស្លត់យ៉ាងខ្លាំង ចំពោះហេតុការណ៍គ្រោះថ្នាក់ខាងលើ។ ខ្ញុំសូមរំលែកទុកដល់គ្រួរសាជនរងគ្រោះ ផងដែរ»។

នៅពេលនេះក្រុមអ្នកឯកទេសមិនទាន់អាចសន្និដ្ឋានបានថា បណ្តាលមកពីមូលហេតុអ្វីឡើយ ។ តាមការសន្និដ្ឋាជាបឋមអាចបណ្តាលមកពីអាកាសធាតុ ទើបបណ្តាលឲ្យបុកភ្នំផ្ទុះឆេះបែបនេះ។

នេះជាករណីធ្លាក់យន្តហោះទីពីរហើយនៅចុងឆ្នាំ២០១៦។ កន្លងមក មានការធ្លាក់យន្តហោះនៅប្រទេសកូឡំបី ពេលដឹកកីឡាករប្រេស៊ីលទៅប្រកួតបាល់ទាត់ ធ្វើឲ្យកីឡាករ១៩នាក់ស្លាប់ និងអ្នកជំនួយការ អ្នកដំណើរសរុប ៧៦នាក់ ស្លាប់ ។ ប៉ុន្តែករណីគ្រោះថ្នាក់នោះ នៅមានអ្នកនៅរស់ ដោយសារតែយន្តហោះអស់សាំង ទើបមិនបណ្តាលឲ្យផ្ទុះខ្លាំង៕ ម៉ែវ សាធី

0_nzxo-jpg-ashx 8_amdx 9_cwtk 11_frft


ចែករំលែក៖