ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាក PORCHEស៊េរីទំនើបមួយគ្រឿង បើកបុកម៉ូតូ១ហើយព្យាយាមបើករត់គេច ត្រូវប្រជាពលរដ្ឋដេញចាប់បានវាយទ្រមខ្លួន

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋដេញតាមចាប់ក្របួចជាប់ និងវាយម្នាក់មួយដៃមួយជើង បណ្ដាលឲ្យរងរបួសឡើងទ្រាមខ្លួន ខណៈដែលបុរសរូបនោះបើកបររថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក PORCHE ក្នុងល្បឿនយ៉ាងលឿនទៅបុកម៉ូតូ១គ្រឿងម៉ាកអាយខន យ៉ាងពេញទំហឹង ហើយមិនព្រមទទួលខុសត្រូវ បែបជាបើករថយន្តរត់គេចខ្លួន តែគេចមិនផុតត្រូវប្រជាពលរដ្ឋយកដុំថ្ម បំបែកកញ្ចក់រថយន្ត រួចក៏ជ្រុលទៅបុកជាមួយរម៉កកង់៣ ទៅមុខមិនរួច ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្បែរស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក PORCHE ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2K-1968 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវខាងលើ លុះបានមកដល់ចំណុចកើតហេតុ ក៏បុកជាមួយនឹងម៉ូតូម៉ាកអាយខន ពណ៌សលាយលឿង យ៉ាងពេញទំហឹង បណ្តាលឲ្យដួលត្រូវបានរថយន្តបង្កខាងលើបុកអូសជាច្រើនម៉ែត្រ ត្រូវបានប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ នាំគ្នាដេញតាម វាយបំបែកកញ្ជក់រថយន្ត តែម្ចាស់រថយន្តមិនព្រមចុះពីរថយន្តនោះទេ នៅតែបន្តបើកទៅមុខ តែចុងក្រោយត្រូវបានជាប់គាំងនៅពេលដែលបុកជាមួយ រម៉កកង់បីមួយគ្រឿងទៀត ដែលធ្វើដំណើរស្របទិសគ្នា ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តត្រូវបានប្រជាពលរដ្ឋស្វាគមន៍យ៉ាងចាស់ដៃ បណ្ដាលឲ្យរងរបួសបែកក្បាលហូរឈាម ទើបលើកដៃសំពះ មិនហ៊ានចុះចេញពីរថយន្តនោះទេ បន្ទាប់មកគេឃើញសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ និងនាំជនបង្កនិងរថយន្តទៅការិយាល័យនគរបាលចរាចរផ្លូវគោកដើម្បីចាត់ការតាមនីតិវិធី ៕ តារា

image7 image1 image3 image4 image5 image6


ចែករំលែក៖