ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌសែនសុខ សំណូមពរប្រជាពលរដ្ឋចេះថែរក្សាបរិស្ថាន កុំបោះចោលសំរាមផ្តេសផ្តាស

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងពិធីបើកការដ្ឋានស្ថាបនា ផ្លូវបេតុង ១ខ្សែ គ្មានសរសៃដែក ប្រវែង ៨១២ម៉ែត្រ ទទឹង ៦ម៉ែត្រ និងដាក់ប្រព័ន្ធលូបង្ហូរទឹក ១ខ្សែ ប្រវែង ៨១២ ម៉ែត្រ មុខកាត់ ០, ៨ម៉ែត្រ ស្ថិតនៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ លោក ប៉ឹល កុសល អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ បានសំណូមពរប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ត្រូវចេះថែរក្សាអនាម័យ បរិស្ថាន កុំបោះចោលសំរាមផ្តេសផ្តាស នាំអោយប៉ះពាល់សោភ័ណ្ឌភាពរាជធានីភ្នំពេញ។

លោក ប៉ឹល កុសល បានជំរុញអោយបងប្អូនប្រជាពលរដ្ឋ ថែរក្សាអនាម័យ បរិស្ថាន ក្នុងការរស់នៅ ហូបស្អាត ផឹកស្អាត ពីព្រោះថា បើការរស់នៅមិនស្អាត គឺប្រឈម និងកើតជំងឺផ្សេងៗ ។ ដូច្នេះហើយប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាអោយបានបរិស្ថានស្អាតជានិច្ច ទើបមិិនមានបញ្ហាដល់សុខភាព ។ សំរាមត្រូវរៀបចំទុកដាក់អោយមានរបៀបរាបរយ កុំចោលពាសវាលពាសកាល នាំអោយប៉ះពាល់បរិស្ថាននៅជុំវិញខ្លួនយើង ។ សំរាម ត្រូវបោះចោលមានពេលវេលា និងមានទីកន្លែងទុកដាក់ត្រឹមត្រូវ ដើម្បីងាយស្រួលអោយកម្មករ ឬ បុគ្គលិក ក្រុមហ៊ុន សិនទ្រី មកប្រមូលយកទៅបោះចោលនៅទីលានចាក់សំរាមជើងឯក ខណ្ឌដង្កោ ។

ជាមួយគ្នានេះលោកអភិបាលក៍បានសំណូមពរដល់ប្រជាពលរដ្ឋ ប្រសិនបើបងប្អូនបានឃើញប្រជាពលរដ្ឋណាម្នាក់ យកសំរាមបោះចោល គ្មានសណ្តាប់ធ្នាប់ ត្រូវរាយការណ៍ជាបន្ទាន់មកកាន់សមត្ថកិច្ច ឬ អាជ្ញាធរ ដើម្បីមានវិធានការទាន់ពេលវេលា ។ ដោយឡែកអំពីបញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ ក៍ដូចជាបញ្ហាគ្រឿងញៀនជាដើម ប្រសិនបើឃើញកើតមាននៅត្រង់កន្លែងណា ក៍សូមប្រជាពលរដ្ឋ ជួយរាយការណ៍មកសមត្ថកិច្ចពាក់ព័ន្ធផងដែរ ដើម្បីមានវិធានការចុះបង្ក្រាប ចៀសវាងទុកនៅនាំអោយអសន្តិសុខនៅក្នុងមូលដ្ឋាន។ ត្រូវចូលរួមសហការទាំងអស់គ្នា ដើម្បីរក្សាគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ទាំង ៩ ចំណុច ៕ តុង សីហា

aes-4 aes aes-1 aes-2 aes-3


ចែករំលែក៖