ខេត្តស្ទឹងត្រែង៖ ស្ត្រីវិកលចរឹកម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម សង្ស័យដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅនៅចំណុចបង្គោលគីឡូម៉ែត្រលេខ៤៧៧ បណ្តោយផ្លូវជាតិលេខ៩ ភូមិស្រែឫស្សី ឃុំស្រែឫស្សី ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ។
លោកសែម ស៊ីថាអធិការស្រុកថាឡាបរីវ៉ាត់ បានឲ្យដឹងថា ក្រោយពីបានទទួលដំណឹងនៅម៉ោង៧និង១៥នាទីព្រឹកថា មានស្ត្រីម្នាក់ស្លាប់សង្ស័យថា ជាគ្រោះថ្នាក់ចរាចរណ៍តែមិនបានបន្សល់ភស្តុតាងនោះទេ ហើយក៏បានឲ្យ កម្លាំងជំនាញចុះដល់កន្លែងកើតហេតុ ទើបដឹងថា ជនរងគ្រោះខាងលើជាស្ត្រីវិកលចរឹក មានឈ្មោះ ម៉ី សាវ៉ន អាយុ៥០ឆ្នាំ រស់នៅភូមិអូត្រែល ឃុំថាឡា ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ។
ប្រភពបន្តថា ជនរងគ្រោះមិនបាននៅមួយកន្លែងនោះ គឺតែងតែដើរទៅនេះ ទៅនោះជានិច្ច ហើយមុនពេលកើតហេតុ ប្រហែលជាជនរងគ្រោះដើរឆ្លងផ្លូវមិនបានប្រយ័ត្ន ទើបបណ្តាលឲ្យគ្រោះថ្នាក់បាត់បង់អាយុជីវិតយ៉ាងនេះ ។
សមត្ថកិច្ចអះអាងថា ជនរងគ្រោះពិតស្លាប់ដោយសាររថយន្តបុកមែន ព្រោះមានស្នាមបែកក្បាល និងរលាត់ដាច់ត្រចៀកហូរឈាម
ប៉ុន្តែមិនដឹងថា ជួបគ្រោះថ្នាក់ពីកាលណានោះទេ ។
បច្ចុប្បន្នសាកសពត្រូវប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ មាស សុផាត