ខេត្តត្បូងឃ្មុំ ៖ ប្រជាកសិករមួយចំនួនធំក្នុងខេត្តត្បូងឃ្មុំកំពុងញាប់ដៃជើងប្រមូលផលស្រូវវស្សាដែលកំពុងទុំពេញវាល ប៉ុន្តែ អ្វីដែលជាការកត់សម្គាល់ផលស្រូវឆ្នាំនេះគឺមានការធ្លាក់ចុះដោយសារកាលពីដើមឆ្នាំនិងរហូតមកដល់ពេលនេះនៅតែមានភ្លៀងធ្លាក់មិនឈប់ដែលធ្វើឲ្យស្រូវដួល រាបខ្លះនៅក្នុងទឹកពិបាកច្រូតដោយម៉ាស៊ីនត្រូវបង្ខំចិត្តច្រូតដោយដៃ។
បើតាមការរៀបរាប់របស់ប្រជាកសិករក្នុងឃុំម៉ងរៀវបានឲ្យដឹងថាឆ្នាំនេះក្រៅពី ទិន្នផលធ្លាក់ចុះ គឺតម្លៃទាបពោលគឺក្នុងមួយ គីឡូក្រាមសម្រាប់ស្រូវល្អគឺបានតែ៧៥០រៀលប៉ុណ្ណោះ ដែលតម្លៃនេះពួកគាត់ ប្រឈមនឹងការគ្មានប្រាក់សម្រាប់ឲ្យថ្លៃជីថ្លៃថ្នាំដែលជំពាក់ចិនយកមកប្រើសន្យាឲ្យនៅពេលប្រមូលផលរួច។
ពួកគាត់បន្តថាបើទោះបីតម្លៃទាបក៏ត្រូវបង្ខំចិត្តលក់ដែរព្រោះគ្មានប្រាក់ឲ្យថ្លៃច្រូត និងថ្លៃចំណាយផ្សេងៗដែលការធ្វើស្រែនេះហាក់គ្មានបានផលចំណេញសូម្បី មួយកាក់មួយសេន ហើយត្រូវការបង់ប្រាក់ និងកម្លាំងពលកម្មមួយគ្រួសារ។
ជាមួយទុក្ខលំបាកនេះពួកគាត់បាន សំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធ ពិសេស ក្រសួងកសិកម្មជួយអន្តរាគមន៍រកទីផ្សារលក់ឲ្យបានតម្លៃខ្ពស់ជាងនេះ បើមិនដូច្នេះទេពួកគាត់អាចនឹងធ្វើចំណាកស្រុកទៅរកការងារធ្វើដើម្បីដោះបំណុលនិងផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃជាក់ជាមិនខាន។
យោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តត្បូងឃ្មុំបានឲ្យដឹងថា ការងារបង្កបង្កើនផលគិតត្រឹមខែតុលាដំណាំស្រូវវស្សាបានចំនួន៧៨.៣១០ហិកតា ដំណាំដំឡូងមី បានប្រមាណ៥៣.៦០០ហិកតា ពោត ប្រមាណ៤.០០០ហិកតា សណ្តែកប្រមាណ ២.៥០០ហិកតា ម្រេចប្រមាណ២.៧០០ ហិកតា និងកៅស៊ូប្រមាណ ៨៧.៥៦៣ ហិកតា៕ ហេង សូរិយា