ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងជំនាញយុត្តិធម៌នៃកង រាជអាវុធហត្ថលើផ្ទៃប្រទេសសហការជា មួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ បានបញ្ជូនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន៤នាក់ទៅអយ្យការអម សាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការ បន្តតាមនីតិវិធី ។
សូមរំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោងប្រមាណ៦ និង៥នាទី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានដឹកនាំកម្លាំងដោយផ្ទាល់ចុះបង្ក្រាបបទល្មើសព្រៃឈើមួយកន្លែង ស្ថិតនៅក្នុងភូមិសែនជ័យ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
កិច្ចប្រតិបត្តិការនោះ បានប្រើប្រាស់ កម្លាំងកងរាជអាវុធហត្ថចំនួនប្រមាណជាង២០០នាក់ និងមានការប្រើប្រាស់ឧទ្ធម្ភាគចក្រចំនួន៣គ្រឿងផងដែរ។ កម្លាំងបានធ្វើការឡោមព័ទ្ធទីតាំងរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើរបស់ក្រុមហ៊ុនហុង សុភាព ឌីវេឡុបមែន ស្ថិតក្នុងភូមិសែនជ័យ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ កម្លាំងជំនាញបានស៊ើបអង្កេតស្រាវជ្រាវ ពិនិត្យ វាស់វែង និងផ្ទៀងផ្ទាត់យថាប្រភេទឈើនៅក្នុងព្រៃជាក់ស្តែងឃើញមានគល់ឈើសរុបចំនួន១៤៤គល់ ក្នុងនោះគល់ ឈើចំនួន៥៤គល់ គឺស្ថិតនៅក្នុងដីសម្បទានសង្គមកិច្ចភូមិសែនជ័យ ឃុំកន្ទួត ស្រុកជាំ ក្សាន្ត។ រីឯគល់ឈើចំនួន៩០គល់ទៀតដែលទើបកាប់ថ្មីៗ តាមការផ្ទៀងផ្ទាត់ចំណុច និយាមការទាំងអស់ គឺស្ថិតនៅក្នុងតំបន់II នៃតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ ។
តាមការស៊ើបអង្កេតដោយផ្ទៀងផ្ទាត់ ឯកសារនិងវត្ថុតាង កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនបុគ្គលដែលសង្ស័យប្រព្រឹត្ត បទល្មើសព្រៃឈើជាបន្តបន្ទាប់រួមមាន ៖
១-ជនសង្ស័យឈ្មោះ សាយ សុភាព ភេទប្រុស កើតនៅឆ្នាំ១៩៦៥ ជនជាតិខ្មែរ មុខរបរប្រធានក្រុមហ៊ុន ហុង សុភាព ទីកន្លែងកំណើតសង្កាត់ លេខ៣ក្រុង ភ្នំពេញ មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខក្រុម៤១ ភូមិព្រែកមហាទេព សង្កាត់ ស្វាយ ប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២-ជនសង្ស័យឈ្មោះ ប៊ុន ហុង ភេទ ស្រី កើតនៅឆ្នាំ១៩៦៤ ជនជាតិខ្មែរ មុខ របរប្រធានក្រុមហ៊ុនហុង សុភាព ទីកន្លែង កំណើត ភូមិធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខក្រុម៤១ ភូមិព្រែកមហាទេព សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៣-ជនសង្ស័យឈ្មោះ សាយ ស៊ីណា ភេទប្រុស កើតនៅឆ្នាំ១៩៧១ ជនជាតិខ្មែរ មុខរបរមេការក្រុមហ៊ុនហុង សុភាព ទីកន្លែង កំណើត ភូមិដូរដុំ ឃុំ លូទឹម ស្រុក ជើងព្រៃ ខេត្តកំពង់ចាម មានទីលំនៅបច្ចុប្បន្នភូមិ កាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៤-ជនសង្ស័យឈ្មោះ ខៃ ហ៊ឺ ភេទប្រុស កើតនៅឆ្នាំ១៩៧១ ជនជាតិខ្មែរ មុខរបរ មន្ត្រីយោធា អង្គភាពកងពលធំលេខ៣ ទីកន្លែងកំណើតភូមិស្ពានក្រង ឃុំចំណារ ក្រោម ស្រុកស្ទោង ខេត្តកពង់ធំ មានទីលំ នៅបច្ចុប្បន្ន ភូមិស្រអែម ឃុំ ស្រអែម ស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ ។
កម្លាំងជំនាញបានចាប់យកឈើសរុបចំនួន៥២៩,៤៧០ម៉ែត្រត្រីគុណនិងកូនឈើចម្រុះប្រភេទ(ទំហំអង្កត់ផ្ចិតគល់១៥-៣០សម)ចំនួន៤២ដើម ក្នុងនោះមាន៖ ១/ឈើហុបមូលចំនួន៤៤២កំណាត់ស្មើនឹង ២៩៤,៩១៥ម៉ែត្រត្រីគុណ (ឈើលេខ១ ចំនួន ៩១កំណាត់ស្មើនឹង៣៩ម៣៨៥៣, លេខ២ចំនួន៣២៨កំណាត់ស្មើនឹង២៤២ម៣៥៩៥ និងលេខ៣ចំនួន២៣កំណាត់ស្មើនឹង១២ម៣៥៩៥) ២-ឈើអារប្រភេទ លេខ២ចំនួន២៣៥,៤៥៥ម៉ែត្រត្រីគុណ ៣-កូនឈើចម្រុះប្រភេទ (ទំហំអង្កត់ផ្ចិត គល់១៥-៣០សង់ទីម៉ែត្រ)ចំនួន៤២ដើម និងចាប់យកមធ្យោបាយដឹកជញ្ជូនម៉ាស៊ីន អារឈើ និងវត្ថុតាងមួយចំនួនទៀត ។ រីឯ ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបាន បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារចាត់ការតាមនីតិវិធី ៕ ហេង នរិន្ទ្រ