ចៅក្រមទើបតែបានសម្រេចថា បញ្ចប់ ការរាប់សន្លឹកឆ្នោតនៅរដ្ឋ Michigan។ សកម្មភាពខាងលើបានបិទជិតឱកាសតិច តួចដែលអាចជួយលោកស្រី គ្លីនតុន ក្លាយ ជាប្រធានាធិបតី។
ក្រោយរយៈពេល៣ថ្ងៃនៃការរាប់សន្លឹក ឆ្នោតឡើងវិញ ចៅក្រមរដ្ឋ Michigan លោក Mark Goldsmith កាលពីថ្ងៃទី៧ ខែធ្នូ បានប្រកាសបញ្ចប់ការរាប់សន្លឹក ឆ្នោត ៤,៨លានសន្លឹក នៅក្នុងរដ្ឋនេះ ឡើងវិញ។ តាមការបញ្ជាក់របស់លោក Goldsmith គ្មានភ័ស្តុតាងណាមួយស្តីពី ការសង្ស័យបន្លំសន្លឹកឆ្នោតឡើយ។ ដូច្នេះយើងមិនមានហេតុផលសមស្រប ណាមួយសម្រាប់រាប់សន្លឹកឆ្នោតឡើងវិញនោះទេ។
នៅក្នុងឯកសារ៨ទំព័រ លោក Goldsmith បានបញ្ជាក់ថា បេក្ខភាពប្រធានាធិបតីមកពីគណបក្សបៃតង លោកស្រី Jill Stein មិនមានមូលហេតុសមស្របតាមផ្លូវច្បាប់ដើម្បីទាមទារឲ្យរាប់សន្លឹកឆ្នោតឡើង វិញ។
កន្លងមកនៅរដ្ឋ Wisconsin ក៏បានរាប់ សន្លឹកឆ្នោតឡើងវិញដែរ ប៉ុន្តែមិនមានលទ្ធផលផ្លាស់ប្តូរនោះឡើយ ប្រៀបធៀប នឹងលទ្ធផលពេលដំបូង។ ការបោះឆ្នោតអាមេរិកលើកនេះមានរដ្ឋ៣ ដែលមាន សំឡេងឈ្នះតិចតួចបំផុត ក្នុងនោះមានរដ្ឋ Michigan , Pennsylvania និង Wisconsin ដែលជារដ្ឋយុទ្ធសាស្ត្រ អាចសម្រេចពីបេក្ខភាពណាមួយដែលអាចទទួលជ័យជម្នះ ក្លាយជាប្រធានាធិបតីអាមេរិក៕ ម៉ែវ សាធី